ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្តម កែ កឹ​ម​យ៉ា​ន អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អមដំណើរ​ដោយ​ឯកឧត្តម អស់លោក​ជា​ក្រុមការងារ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​អំពី​វឌ្ឍនៈភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​កាត់​បន្ថយ​ទឹកជំនន់ ក្នុង​ខេត្តបន្ទាយមានជ័យ​(​គម្រោង​កូរ៉េ​)​។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​ឯកឧត្តម កែ គឹ​ម​យ៉ា​ន និង​ក្រុមការងារ​ចុះ​ពិនិត្យ​នោះ​រួម​មាន ១ – អាង​ទឹក​កន្សែង ស្ថិត​ក្នុង​ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ​-​ភ្លឺ​ទំនប់​អាង​ប្រវែង ៧​គីឡូម៉ែត្រ ១២០​ម៉ែត្រ ផ្ទៃ​អាង​មាន​ទំហំ​៨៣០​ហិតា​បរិមាណ​ទឹក​២២​លាន​៨០០​ពាន់​ម៉ែ​ត​គូប​ដែល​លទ្ធភាព​ស្រោចស្រព​ស្រូវ​វស្សា ៦ ៣៦០ ហិ​កតា ហើយ​លទ្ធភាព​ស្រោចស្រព​ស្រូវប្រាំង ១ ៣១០​ហិ​កតា​។ ២- អាង​ទឹក​ពង្រ ស្ថិត​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ភ្លឺ​ទំនប់​អាង ប្រវែង ៦​គីឡូម៉ែត្រ ២៣​ម៉ែត្រ ហើយ​ផ្ទៃ​អាង​មាន​ទំហំ ៤៥៦​ហិ​កតា​៨ ខណៈ​បរិមាណ​ទឹក ៧​លាន​៩០០​ពាន់​ម៉ែត្រគូប លទ្ធភាព​ស្រោចស្រព​ស្រូវ​វស្សា​បាន​២៦០០​ហិ​កតា និង លទ្ធភាព​ស្រោចស្រព​ស្រូវប្រាំង​បាន ២២០​ហិ​កតា​។ ៣- អាង​ទឹក​វាំង​ហែង ស្ថិត​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ដែល​ភ្លឺ​ទំនប់​អាង​ប្រវែង ៧​គីឡូម៉ែត្រ​០១​ម៉ែត្រ ផ្ទៃ​អាង​មាន​ទំហំ ៣៤០​ហិតា និង​បរិមាណ​ទឹក​៦​លាន​៩០០​ពាន់​ម៉ែត្រគូប ហើយ​លទ្ធភាព​ស្រោច​ស្រោ​ព​ស្រូវ​វស្សា​បាន​២៥៧០​ហិ​កតា ហើយ​លទ្ធភាព​ស្រោចស្រព​ស្រូវប្រាំង​បាន​២២០​ហិ​កតា ។

មក​ដល់​ពេល​នេះ គម្រោង​ទាំងមូល​ដែល​មាន​ទំនប់​អាង​ទឹក​ប្រវែង​សរុប​២០​គីឡូម៉ែត្រ​៣៦​ម៉ែត្រ និង​ស្តារ​ប្រឡាយ​មេ​៦​ខ្សែ​មាន​ប្រវែង​សរុប ៨៧​គីឡូម៉ែត្រ ៦០​ម៉ែត្រ ក្នុង​នោះ​មាន​ចាក់​បេតុង​ប្រវែង​៤០​គីឡូម៉ែត្រ ១៦០ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បៈការ​ចំនួន​២០៧​កន្លែង លទ្ធផល​កំពុង​អនុវត្តន៍ និង​សម្រេច​បាន​ចំនួន ៤០.៩០% ធៀប​ទៅ​នឹង​ទំហំ​ការងារ នៃ​គម្រោង​ទាំងមូល​។

ជា​មួយគ្នា​នេះ​ដែរ ឯកឧត្តម កែ គឹ​ម​យ៉ា​ន និង​ក្រុមការងារ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចូល​ថ្វាយបង្គំ​ព្រះសង្ឃ​នៅ​វត្ត​ដុ​ង​អារញ្ញ និង​បាន​បន្តដំណើរ​ទៅ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ពិសា​របាយ​សាមគ្គី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រកបដោយ​ភាព​ស្និ​ទ​ស្នាល​កក់ក្តៅ​ក្រៃ​លែង​៕

ប្រភព៖ AKP