មន្រ្តីក្រសួងការងារ៖ ការធ្វើដំណើររបស់ពលករខ្មែរពីប្រទេសថៃនៅតាមព្រំដែនដំណើរការយ៉ាងរលូន

0

មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បន្តស​ម្រ​ម​សម្រួល​ពលករ​ខ្មែរ​ដែល​បាន​និង​កំពុង​ត្រលប់​មក​ស្រុក​កំណើត​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​អ​ជ្ញា​ធរ​នឹង​បន្ត​សម្របសម្រួល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​លើកលែង​តម្លៃ​ទិដ្ឋាការ​។ នេះ​បើ​តាម​ឯកឧត្តម សាន គី​ម​ហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​បាង​ក្លង​លឹ នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២៤​។

ឯកឧត្តម សាន គី​ម​ហុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​បាង​ក្លង​លឹ​ក លើក​ឡើង​ថា​៖«​ក្រុមការងារ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​បាង​ក្លង​លឹ​ក បន្ត​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បន្ត​ទទួល​ស្វា​គម​ន៏​បងប្អូន​ពលករ​ចេញចូល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤»​។

ឯកឧត្តម​បន្ថែម​ថា ភាគី​ពាក់ព័ន្ធ ក៏​ដូច​ជា​ក្រុមការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ត​ផ្សព្វផ្សាយ​ជូនដំណឹង និង​សុំ​ឲ្យ​ពលករ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​មិត្តភក្តិ​បងប្អូន​ពលករ​ផ្សេង​ទៀត​អំពី​ការ​លើកលែង​ថ្លៃ​សេវា និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ដែល​មាន​សម្ដេច​ធិ​បតី​ជា​ប្រមុខ​ដឹកនាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​បាង​ក្លង​លឹ​ក​។

ឯកឧត្តម​បន្ថែម​ថា បងប្អូន​ពលករ​ស្ទើរតែ​១០០%​បានដឹង​ពី​អនុសាសន៍​របស់​សម្ដេច​ធិ​បតី​អំពី​ការ​លើកលែង​ថ្លៃ​សេវា ចេញ​-​ចូល (Re-Entry) ហើយ​បងប្អូន​ពលករ​ទាំងអស់​សប្បាយ​រីករាយ យ៉ាង​ខ្លាំង​ពី​ការ​លើកលែង​ថ្លៃ​សេវា​ចេញ​-​ចូល ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។

គូរ​ឱ្យ​កត់​សម្គាល់ថា ការ​លើកលែង​ការ​យក​តម្លៃ​លើ​ទិដ្ឋាការ​ចេញ​-​ចូល ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នេះ​ការ​អបអរសាទរ និង​សប្បាយចិត្ត​ពី​សំណាក់​បងប្អូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​យ៉ាង​ផុសផុល​។

គូសបញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៤ នេះ​មាន​ពលរដ្ឋ និង​ពលករ​ខ្មែរ​ចំនួន​២២,១១៣ បាន​វិល​ត្រលប់​ពី​ប្រទេស​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា ថៃ ដើម្បី​មក​លេង​ស្រុក​កំណើត​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​៕

ប្រភព៖ AKP