ឯកឧត្តម សៀក សុជាតិ រម្លឹកដល់អាជ្ញាធរ ត្រូវបង្កើនស្មារតីទទួលខុសត្រូវ​ក្នុងការ​គ្រប់​គ្រង និង​ជួយ​​​បង្ក​លក្ខណៈងាយស្រួលដល់ពលករខ្មែរឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី

0

ឯកឧត្តម សៀ​ក សុ​ជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធាន​ក្រុមការងារ​ទី​២ គណៈកម្មការ​ចំពោះ​កិច្ច​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ដល់​អនុប្រធាន និង​សមាជិក ក្រុមការងារ​ទី​២ ត្រូវ​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ទឹកដី​កម្ពុជា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ និង​ត្រៀម​មន្ត្រី​បុគ្គលិក​ពេទ្យ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​បន្ទាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ករណី​ចាំបាច់​។

ការ​លើក​ឡើង​របស់​ឯកឧត្ដម​បែប​នេះ ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​ពី​ប្រទេស​ថៃ ចូល​មក​ទឹកដី​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​បើ​កិច្ចប្រជុំ ដើម្បី​សម្របសម្រួល​ដល់​ការ​ឆ្លង​ដែន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែមេសា ឆ្នាំ​២០២៤

ឯកឧត្តម សៀ​ក សុ​ជាតិ បាន​ណែនាំ​ដល់​សមាជិក​ក្រុមការងារ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ខេត្ត ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ពី​ការ​ផ្តល់​សេវា​បណ្ណ​ព្រំដែន​ជូន​ពួក​គាត់​ដោយ​គ្មាន​ការ​រើសអើង មិន​ឱ្យ​មានការ​យក​កម្រៃ​ក្រៅ​សេវា​ផ្លូវការ បិទ​ច្រករបៀង​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​នូវ​លំហូរ​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ចូល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ឯកឧត្តម ប្រធាន​ក្រុមការងារ​ទី​២ ក៏​បាន​ជំរុញ​ដល់​ក្រុមការងារ អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ការពារ​ប្រជាពលរដ្ឋ​កម្ពុជា មិន​ត្រូវ​ឱ្យ​មានការ​គាបសង្កត់ ការ​ធ្វើបាប និង​ធ្វើ​ទារុណកម្ម​ពី​ខាង​ភាគី​ថៃ ពិសេស​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ពពួក​ប្រឆាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម សៀ​ក សុ​ជាតិ ក៏​បាន​សំណូមពរ​ដល់​សមាជិក​អង្គប្រជុំ ត្រូវ​ចូលរួម​អនុវត្តន៍​វិធា​វ​ការ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ឱ្យ​បាន​ម៉ឹង​ម៉ាត់ និង​ហ្មត់ចត់ ហើយ​ចូលរួម​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ឡើង​តាម​ប​ណ្តោ​ដោយ​ព្រំដែន មិន​ឱ្យ​មានការ​បង់ប្រាក់​ក្រៅផ្លូវការ​ដោយ​ឈរ​លើ​អភិក្រម​ទាំង​៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​៕

ប្រភព៖ AKP