ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ

0

នៅ​ថ្ងៃ​ទី​៣ ខែមេសា ២០២៤ ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ មក​លេង​ស្រុក​កំណើត​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​លើក​ឡើង​ថា ខ្លួន​សប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃ​សេវា​បង់ប្រាក់​លើ​ទិដ្ឋាការ​ចេញ​-​ចូល (Re-Entry) នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​ផ្នែក​។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​ថ្លៃ​សេវា​បង់ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក (Re-Entry) របស់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ថៃ​ដែល​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃ​ទី ០១ ខែ មេ​សា រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ ឩ​សភា ឆ្នាំ​២០២៤​។

លោកស្រី សំ ស៊ីនួន ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់​លើក​ឡើង​ថា​៖«​អរគុណ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ដែល​មិន​យក​កម្រៃ​សេវា​បង់ប្រាក់​ចេញ​-​ចូល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ​និង​រស់នៅ​ប្រទេស​ថៃ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​»​។

ពលករ​រូប​នេះ​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​ដែល​បាន​យកចិត្តទុកដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មក​លេង​ស្រុក​កំណើត ហើយ​បាន​ផ្តល់​អាហារ​សម្រន់​ដូច​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួល​កិច្ច​ការងារ​ផ្សេង​ៗ​ជូន​ដល់​ពលករ​តាម​ច្រកព្រំដែន​ផង​ដែរ​។

លោក ភា រុន ជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖«​ខ្ញុំ​មក​លេង​ស្រុក​កំណើត​នៅ​ឆ្នាំ​នេះ​អត់​មានការ​បង់ថ្លៃ​សេវា​ចេញ​-​ចូល (​ទិដ្ឋាការ​) ទេ​។ ខ្ញុំ​ចំណាយ​តែ​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​បាងកក​មក​កាន់​ច្រកព្រំដែន​របស់​យើង​។ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​កាត់​បន្ថយ​ចំនាយ​បាន​ខ្លះ​ដែរ​»​។

គួរ​កត់​សម្គាល់ថា​ត្រឹម​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៤ នេះ​ពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​សរុប​ចំនួន ១៩០,៤០​នាក់ ក្នុង​នោះ​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​១៨,២៩៥​នាក់​។ ទន្ទឹម​នឹង​នេះ​ភាគី​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សម្រួល​ដំណើរ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​នោះ​ក៏​មាន​មន្ត្រី​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រចាំការ​នៅ​ទីនោះ​ផង​ដែរ​។

គូសបញ្ជាក់​ដែរ​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry) ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​៕

ប្រភព៖ AKP