គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ សម្រេចបានប្រមាណ ៣២ភាគរយហើយ ដោយការសាងសង់តួស្ពានសម្រេចបាន ៤៥,៥ភាគរយ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣ភាគរយ ហើយ ជារួមគម្រោងជារូបវន្តទាំងមូលសម្រេចបានប្រមាណ ៣២ភាគរយ ដែលតួលេខនេះបានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនថា ការសាងសង់អាចនឹងបញ្ចប់នៅមុនផែនការ ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា ដែលបានដឹកនាំគណៈប្រតិភូមន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តន៍គម្រោងបានចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះនេះ បានសំណូមពរសូមឱ្យក្រុមហ៊ុនសាងសង់ជំរុញការអនុវត្តការងារ ទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ។ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផល ដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ ។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពកាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ។ ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង ។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ បានបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដោយគម្រោងសាងសង់នេះ ត្រូវបានប្រើប្រាស់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយតួស្ពានមានប្រវែង ១ ៧៦១ម៉ែត្រ ក្នុងនោះក៏មានការសាងសង់នូវផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រផងដែរ ។ គម្រោងនេះនឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ, ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង, បំពាក់ស្លាកសញ្ញាចរាចរណ៍ ,គំនូសចរាចរណ៍, បង្គោលគីឡូម៉ែត្រ, និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដោយគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗទៀត ៕
ប្រភព៖ AKP