សៀមរាប៖ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី កើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង និងក្នុងខែកញ្ញានឹងកើតមានម្ដងទៀត ។ សម្រាប់នៅព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានទៅទស្សនាព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ហើយអ្វីដែលភ្ញៀវទេសចររង់ចាំនោះមិនខកបំណងនោះទេ គឺដោយសារតែអាកាសធាតុល្អ ភ្ញៀវទេសចរបានទស្សនាថ្ងៃរះបានយ៉ាងពេញចិត្តចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។
ភ្ញៀវទេសចរបានលើកឡើងថា ជារៀងរាល់ឆ្នាំពួកគាត់ តែងតែក្រោកពីយប់មកអង្គុយរងចាំ ទស្សនា ថតរូបព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យនេះ ។ ពីព្រោះមិនមានប្រទេសណាមានព្រឹត្តិការណ៍បែបនេះដូចប្រទេសយើងនោះទេ ព្រោះអង្គរវត្តមានតែកម្ពុជាមួយ គត់ ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វ ផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្រ្ត ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍ នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែល រយៈពេល ពេលថ្ងៃនិងពេលយប់ស្មើគ្នានេះឡើង។
លោកបន្តថា អាចនិយាយបានថា ព្រឹត្តិការណ៍មហស្ចារ្យនេះ ប្រហែលជាកើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ នៅលើផែនដីនេះ ។ ចំណែកឯសំណង់បុរាណជាច្រើន នៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ ។ លោកបន្តថា សំណង់ បែបហ្នឹង ហើយធំស្គឹមស្គៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ ។ ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយនិងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច? គឺក្នុងគោលដៅគេធ្វើ ដើម្បីឱ្យថាមពល នៃចក្រភពរបស់ខ្មែរ គ្រប់ គ្រងអំណាចទាំងមូលរបស់ចក្រក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២។ ស្អីទៅជា«សូរ្យវរ្ម័ន» បានន័យថា ជាអ្នក មនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ ។
សូមជម្រាបថា ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះ ទុកជាអនុស្សាវរីយ៍ ។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា គឺជាវេលាមង្គលដ៏ធំមួយ នៃប្រពៃណីខ្មែរបុរាណ ៕
ប្រភព៖ AKP