សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី

0

បរទេស​៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។

May be an image of 2 people, dais and text

ជា​កិច្ច​ចាប់ផ្តើម សម​ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ក្ដី​សោមនស្ស​រីករាយ​។ ក្នុង​ជំនួប​នេះ ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី បាន​រំឭក​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​អូស្ត្រាលី ជាង​៧​ទសវត្សរ៍​មក ពោល​គឺ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ទៅ​ទៀត​។ នេះ​បង្ហាញ​អំពី​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ ហើយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​នេះ​។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ក៏​បាន​សម្ដែង​នូវ​ការ​គាំទ្រ និង​បង្ហាញ​ពី​ការ​ពេញចិត្ត​ក្នុង​ការ​ពិភាក្សា​លើ​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ “​កម្ពុជា​គឺជា​ប្រទេស​មួយ​ដ៏​អស្ចារ្យ និង​មាន​ភាពរឹងមាំ ទោះបីជា​ឆ្លងកាត់​នូវ​ការ​លំបាក​ក្នុង​របប​ប្រល័យពូជសាសន៍​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​អស្ចារ្យ និង​បន្តដំណើរ​ទៅ​មុខ​ទៀត​”​។

May be an image of 4 people and text that says 'TPM'

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ និង​បាន​ជម្រាប​ជូន ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី ថា​៖ “​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ជា​ពិសេស​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​មិន​អាច​កើតឡើង​បាន​ឡើយ បើ​មិន​មានការ​គាំទ្រ និង​ការ​យកចិត្តទុកដាក់ និង​ការ​ផ្តល់​ជំនួយ​លើ​វិស័យ​គន្លឹះ ដែល​រួម​មាន​៖ វិស័យ​កសិកម្ម សុខាភិបាល ការ​បោសសម្អាត​មីន សន្តិសុខ ការពារ​សន្តិសុខ និង​វិស័យ​ផ្សេង​ៗ​ទៀត​”​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ សម្តេច​ធិ​បតី បាន​ជម្រាប​ជូន ឯកឧត្តម​នាយក​រដ្ឋមន្ត្រី អំពី​វិស័យ​សំខាន់​ៗ​សម្រាប់​កិច្ច​សហប្រតិបត្តិការ ដែល​រួម​មាន ដូច​ជា​៖ វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, ការ​អប់រំ និង​ការងារ និង​ផ្នែក​ការពារ​ជាតិ​។ សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ថា សម្តេច​បាន​បង្ហាញ​អំពី​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​ធុរជន​អូស្ត្រាលី នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី​កាលពី​ព្រឹក និង​បាន​ស្វាគមន៍​ចំពោះ​ការ​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​ជា​កត្តា​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។ ជា​កិច្ចបញ្ចប់​សម្តេច​ធិ​បតី​បាន​អ​ញ្ជេ​ី​ញ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ​នា​ពេល​អនាគត​។

May be an image of 3 people and text that says 'TPM'

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ស្វាគមន៍​ទទួលយក​ការ​ស្នើ​អំពី​វិស័យ​នៃ​សហប្រតិបត្តិការ​ទាំងនេះ និង​សម្តែង​ការ​រីករាយ​ទទួលយក​ការ​អញ្ជើញ​របស់​សម្តេច​ធិ​បតី​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ពេល​សម​ស្រប​ខាង​មុខ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ