ពោធិ៍សាត់៖ របួសធ្ងន់១នាក់ស្រាល១នាក់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករថយន្តបើកឆ្លងផ្លូវ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៧-១៨៨ ត្រង់ចំណុចមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ស្ថិតនៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១២និង២៥នាទី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកហ៊ីណូ(HINO)ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-3500 សណ្ដោងរ៉ឺម៉កពណ៌ស ពាក់ស្លាកលេខកំពង់ចាម 4A-0072 បើកបរដោយឈ្មោះ សូ ហ៊ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរតៃកុងឡាន (មិនរងរបួស)លុះបើករថយន្តចេញពីស្ថានីយ៍ថ្លឹងរថយន្តឆ្លងផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា(HONGDA)សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-0588 បើកបរមកពីទិសខាងលិចទៅកើត ដល់ចំណុចកើតហេតុខាងលើបានបុកចំកង់រ៉ឺម៉ករថយន្តកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរឈ្មោះ ថួន មី ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់មួកសុវត្ថិភាព មុខរបរកសិករ(រងរបួសធ្ងន់)និងអ្នករួមដំណើរឈ្មោះ ចាន់ ស្រីនេរ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកំពុងរការ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មិនពាក់មួកសុវត្ថិភាព មុខរបរកសិករ(របួសស្រាល)។ចំពោះអ្នករបួសធ្ងន់ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន។ វត្ថុតាងម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ រង់ចាំដោះស្រាយតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ