សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាល់ការវិនិយោគទៅមុខយើងយករូបមន្ដ និងផ្ដល់អាទិភាពលើភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ឱ្យបានច្រើន

0

ព្រះសីហនុ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាល់ការវិនិយោគទៅមុខ រាជរដ្ឋាភិបាលយករូបមន្ដ និងផ្ដល់អាទិភាពនេះទៅលើ (PPP) ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជននេះឱ្យបានច្រើន ដែលនេះគឺជាកិច្ចការសំខាន់ដើម្បីផ្ដល់អាទិភាពឱ្យវិស័យឯកជនចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន” នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តព្រះសីហនុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងរៀបចំផែនការយុទ្ធសាស្រ្ដមេ ដើម្បីត្រៀមសម្របសម្រួល ឱ្យវិស័យឯកជនចូលរួម ក្នុងការអភិវឌ្ឍ ហើយឱ្យវិស័យឯកជនចូលរួមតាមផែនការមេរបស់យើងទើបបានមានប្រសិទ្ធភាព។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងតួនាទីជាអ្នកសម្របសម្រួល រៀបចំផែនការមេ និងបើកឱ្យមានការចូលរួមពីវិស័យឯកជន ដោយការអភិវឌ្ឍយើងខិតខំយករូបមន្ដ (PPP) ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ក្នុងនោះត្រូវកំណត់ថា រដ្ឋដើរតួនាទីកម្រិតណា បើកច្រកឱ្យវិស័យឯកជនដើតួនាទីកម្រិតណា ដើម្បីចូលរួមក្នុងការអភិវឌ្ឍ។

 

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ការកម្រិតកំណត់នូវតួនាទីនេះ ពីព្រោះវិស័យឯកជនគាត់យល់ពីវិស័យអាជីវកម្មច្បាស់ជាងយើង ឱ្យគាត់ចូលរួមក្នុងការគិតគូរ រៀបចំផែនការ និងការអនុវត្ដតែម្ដង។ សម្ដេចធិបតីបានថ្លែងបន្ថែមថា៖ «PPP ចំណេញពីរ ចំណេញទី១ រដ្ឋអត់ត្រូវការចេញលុយច្រើន ពីព្រោះបើធ្វើកំពង់ផែន១អស់ថវិការាប់រយ រាប់ពាន់លាន ហើយបើរដ្ឋធ្វើតើយើងត្រូវខ្ចីថវិកា កម្ចី ឬក៏យកថវិកាជាតិធ្វើយ៉ាងម៉េច។ តែបើយើងឱ្យវិស័យឯកជនធ្វើគាត់ខ្ចីលុយពីធនាគារ ឱ្យគាត់ចូលរួមជាមួយយើងដើម្បីធ្វើ។ ទី២ គាត់មានជំនាញដើម្បីអភិវឌ្ឍន៍ជំនាញរបស់គាត់យកមកដើម្បីជាធាតុផ្សំក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងអភិបាលកិច្ច»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋដើរតួនាទីក្នុងកម្រិតរដ្ឋ ផ្ដល់នៅក្នុងការគ្រប់គ្រងច្បាប់ទម្លាប់អីផ្សេងៗ និងគាំទ្រដល់វិស័យឯកជន ហើយរាល់ការវិនិយោគទៅមុខយើងយករូបមន្ដ និងផ្ដល់អាទិភាពនេះទៅលើ PPP នេះឱ្យបានច្រើន ហើយនេះគឺជាកិច្ចការសំខាន់។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងថា ក្នុងការអភិវឌ្ឍផែរបស់យើង យើងក៏រករូបមន្ដនេះអនុវត្ដន៍នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅទីនេះ និងនៅកំពង់ផែផ្សេងៗ កន្លែងខ្លះយើងឱ្យវិស័យឯកជនគ្រប់គ្រងទាំងមូលតែម្ដង ប៉ុន្ដែកន្លែងខ្លះយើងធ្វើ PPP កន្លែងដែលជាយុទ្ធសាស្រ្ដយើងត្រូវធ្វើ។ សម្ដេចធិបតីបានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «អីចឹងនេះ ជាទស្សនៈវិស័យរបស់យើង ធ្វើឱ្យបានលឿន លុយយើងតិច ថវិកាជាតិត្រូវផ្ដោតទៅលើអ្វីដែលសំខាន់ ជាពិសេសត្រូវផ្ដោតលើវិស័យណាដែលវិស័យឯកជនមិនចង់ចូលរួម មិនអាចចូលរួម។ វិស័យឯកជនមិនទៅធ្វើផ្លូវលំទេ រដ្ឋត្រូវទុកលុយទៅធ្វើផ្លូវលំនៅតាមបណ្ដាខេត្ដ កសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព នេះយើងត្រូវចែកគ្នាធ្វើ រវាងរដ្ឋ និងវិស័យឯកជន។ ប្រសិនបើយើងមិនធ្វើអីចឹងទេ យើងពិបាក ហើយការទាញនូវឥណទានផ្សេងៗក៏ជាកិច្ចការសំខាន់៕

ប្រភព៖ AKP