ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។
ថ្លែងក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និង ការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត ជាក់ស្តែង ដើម្បីងាយស្រួល ក្នុងការប្រមូលផលថែមទៀត។ យើងដាំជាជួរ ដោយមានគម្លាត៤ម៉ែត្រ ១ដើមឡើង តែ១ដើមអាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានកាន់តែល្អប្រសើរ។ សោភ័ណភាព នៃការដាំជួយឱ្យមានភាពទាក់ទាញភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅរបស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ។
ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិ អំពីមរតកដ៏មានតម្លៃ ពីសម័យអតីតកាល និងការធ្វើទំនើបកម្មក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ឱ្យផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
សូមជម្រាបជូនថា ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ស្ករត្នោតដែល បានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពលជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីត្នោតនេះផងដែរ៕
ប្រភព៖ AKP