សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលនៅក្នុងគ្រាលំបាកឡើយ

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមិនដែលទុកប្រជាពលរដ្ឋណាម្នាក់ចោលនៅក្នុងគ្រាលំបាកឡើយ ហើយរាជរដ្ឋាភិបាលមិនមែនធ្វើសកម្មភាពតែពេលល្អ ហើយពេលលំបាកទុកពលរដ្ឋចោលនោះទេ»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងថា សមិទ្ធផលនៃគោលការណ៍ជំនួយគាំពារសង្គមនេះគឺកើតមានឡើងដោយសារ កម្ពុជាមូលដ្ឋានដ៏រឹងមាំនៃ សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច។ គោលនយោបាយជាតិគាំពារសង្គមដែលបានដាក់ឱ្យអនុវត្តន៍ គឺជាការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង។

 

បើតាមសម្ដេចធិបតី ការដាក់ចេញគោលនយោបាយកិច្ចគាំពារសង្គម ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នដែលកើតឡើងជាយថាហេតុនាពេលខាងមុខ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងបន្តរៀបចំសេចក្តីព្រាងគោលនយោបាយប្រព័ន្ធគាំពារសង្គមដែលមានចក្ខុវិស័យឆ្នាំ២០៣០ទៅមុខទៀត។

គួររម្លឹកថា ក្នុងរយៈពេលត្រឹមជាង៣ខែ នយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញ ត្រូវបានដាក់ឱ្យអនុវត្តន៍អស់ហើយ៕

ប្រភព៖ AKP