រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្ម​ក្នុងវិស័យ​ព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជី សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបាន​ត្រឹមត្រូវ

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំ និងលើកទឹកចិត្តឱ្យអ្នក​សារព័ត៌​មានអនឡាញ កំពុង​ប្រកបអាជីវកម្ម​ក្នុងវិស័យ​ព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះ​បញ្ជីត្រឹមត្រូវ សូមបំពេញ​បែប​បទ និងចុះបញ្ជីឱ្យបាន​ត្រឹម​ត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយ ដែលក្រសួងផ្ដល់ជូន។ ការ​ណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជា​មួយ​សមាគមអ្នក​សារព័ត៌​មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅ​សាល​ចតុម្មុខមង្គល ទីស្តី​ការ​ក្រសួងព័ត៌មាន ក្នុងគោលបំណង​ឈ្វេងយល់ពីគ្នាទៅវិញទៅមក និង​តម្រូវ​ការ ឬសំណូមពររបស់​សមាគម​សារព័ត៌មាន ដើម្បីចូលរួម​អភិវឌ្ឍន៍វិស័យសារព័ត៌មាននៅ​កម្ពុជាឱ្យ​មាន​ការ​រីក​ចម្រើនទៅ​មុខទៀត ។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា នៅកម្ពុជាមានអ្នកសារព័ត៌មាន​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយបុរាណ និង​សម័យទាំងអស់ជាង ១ ម៉ឺននាក់ មានសារព័ត៌មានអនឡាញ ជិត ១ ០០០ ស្ថាប័ន ដែលបានចុះ​បញ្ជី​ត្រឹម​ត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អង្គភាពសារព័ត៌មាន​អនឡាញទៀតនៅ​មិន​ទាន់​ចុះបញ្ជី។  ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវ​កម្ម​ក្នុង​វិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជី​ឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

 

ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយ​កម្រៃស្នើសុំអាជ្ញាបណ្ណ​បង្កើត​អង្គភាព​សារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ ឯកឧត្ដមបន្ដថា បច្ចុប្បន្ននេះ សារព័ត៌មានអន​ឡាញដែល​បានចុះ​បញ្ជី​នៅ​ក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ដូច្នេះសម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន៍ការងារ​ប្រកបដោយវិជ្ជា​ជីវៈ​ត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនដែរថា Facebook នៅកម្ពុជាដែលប្រើឈ្មោះ Name Cambodia មាន​ប្រមាណ១៥ លានគណនី Facebook, Tik Tok មានប្រមាណជិត ១០ លាន គណនី ដែល​ជា​មូល​ដ្ឋាន​នៃការបញ្ជូនសារទៅឱ្យប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងថា ដោយសារតែមានការកើន​ឡើងនូវ​បណ្ដាញសង្គមនេះ សូមកុំឱ្យសាធារណជន​មានការយល់ច្រឡំ រវាង អ្នកកាសែតអាជីព និង​អ្នក​កាសែតប្រជាជន ខណៈអ្នកកាសែត អ្នកយកព័ត៌មានអនឡាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ គឺ​មានការចុះបញ្ជី  មា​នបណ្ណអ្នកកាសែត។ ចំណែកអ្នកកាសែតប្រជាជន គឺសំដៅលើអ្នកចូលចិត្ត​ថតរូប​ភាព ចូលសរសេរ ចូលចិត្តផ្សព្វផ្សាយ តែមិនមែនជាអ្នកសារព័ត៌មានអាជីពនោះទេ ។

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានជម្រាបជូនផងដែរថា ក្រៅពីការគិតគូរ និងផ្តល់កិច្ច គាំពារដល់មន្ត្រី, ក្រសួងព័ត៌មានបានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ច​គាំពារ​សុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគ​យល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ដោយយល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេស​ទៅ​លើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ %។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ជាជំហ៊ានបន្តទៅមុខទៀត បណ្ណ​​សម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែម​ទៀត​ផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន។ ឯកឧត្ដមក៏បានជំរុញដល់ ប្រធាន​សមាគម​សារព័ត៌​មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បេឡាជាតិសន្តិ​សុខ​សង្គម​(ប.ស.ស) ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព ។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោត​សំខាន់ទៅ​លើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយក្រមសីលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុក​អ្នកសារព័ត៌​មាន​គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់ ៕

ប្រភព៖ AKP