សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃទី១ខែធ្នូចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ

0

ភ្នំពេញ៖ «ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១»។ នេះជាការថ្លែង របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើក បវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖

ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន

ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស

ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលា

ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀតដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង,១០ភាគរយ លើបំណិន, និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌៕

ប្រភព៖ AKP