សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការរៀបចំព្រះរាជពិធីបុណ្យអុំទូកឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃការវិវត្តរបស់ប្រទេសយើងក្រោមម្លប់សន្តិភាព

0

ភ្នំពេញ៖ ភាពជោគជ័យនៃការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំពុក សំពះព្រះខែ ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃការវិវត្តរបស់ប្រទេសយើងក្រោមម្លប់សន្តិភាព។ នេះជាការវាយតម្លៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងមុនបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០១ ធ្នូ ឆ្នាំ២០២៣។

 

សម្ដេចធិបតី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំពុក សំពះព្រះខែ ក៏ដូចជាក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានចូលរួមរៀបចំប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត បន្ទាប់ពីផ្អាកប៉ុន្មានឆ្នាំដោយសារកូវីដ១៩។

សម្ដេចធិបតី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ មាន ស.ស.យ.ក និងបណ្ដាក្រុមហ៊ុនក្នុងវិស័យឯកជនដែលបានចូលរួមរៀបចំកម្មវិធីកម្សាន្តនានា ព្រមទាំងពិព័រណ៍ តន្ត្រី និងល្បែងកម្សាន្តនៅរាជធានីភ្នំពេញបង្កលក្ខណៈកាន់តែសប្បាយរីករាយ ដោយមានប្រជាជនចូលរួមច្រើនរាប់លាននាក់។

សម្ដេចធិបតី ថ្លែងថា ព្រះរាជពិធីថ្មីៗនេះ«ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃការវវិវត្តរបស់ប្រទេសរបស់យើង ហើយនេះក៏ជាជោគជ័យគួរជាទីមោទនៈមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមម្លប់ត្រជាក់នៃសុខសន្តិភាពដែលនៅពេលនេះចាប់ផ្ដើមដំណើរការពេញលេញថែមទាំងមានសមត្ថភាពអាចប្រមូលកម្លាំងរួមសម្រាប់រាជរដ្ឋាភិបាល ក្ដាប់បាននូវស្ថេរភាពនិងក្នុងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង»។

សម្ដេចធិបតី ក៏បានអរគុណគ្រប់ស្ថាប័នរៀបចំប្រទីបប្រកបដោយអត្ថន័យល្អៗ និងអរគុណដល់កងកម្លាំងគ្រប់អង្គភាពដែលបានរួមគ្នាថែរក្សាគ្រប់គ្រងស្ថេរភាពល្អជូនប្រជាពលរដ្ឋ៕

ប្រភព៖ AKP