រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រណាំងទូកសាកល្បងថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថា្នក់ជាតិ

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម ធ្វើការ ប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួត ថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ចំនួនទូក ដែលបានចូលរួមទាំងទូកអុំ ទូកមួងឬហៅថាទូកចែវ ទូកខ្នាតអន្តរជាតិ សរុបចំនួន៤៤ទូក ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ, ទូកអុំបុរស និងទូកចែវបុរសដោយមាន កីឡាករ កីឡាការនីសរុបចំនួន២.៨៧៩នាក់ (នារី៥៤នាក់)។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខាងមុខនេះ បានទាក់ទាញការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សា នូវប្រពៃណីទំនៀមទម្លាប់ជាតិតាំងពីយូលង់មកហើយ ដែលបានបង្ហាញពីការរំលឹកដឹង គុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណ​ព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសម្រាប់ផលដំណាំដាំដុះរបស់ ប្រជាពលរដ្ឋយើងក្នុងការ​លើក​ស្ទួយ​វិស័យកសិកម្មជាតិឱ្យមានការរីកចម្រើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសម្រាប់​បងប្អូន ប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូរណ៍ រួមទាំងដំណើរការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស ពិសេសនៅ​រាជធានី​ភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំ​អនុវត្តន៍​ដោយ ផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ឱ្យដឹងថា គូទូកទាំងអស់ត្រូវប្រណាំង២ជើង គឺប្តូរខ្សែ​ទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើ ក្រូណូម៉ែត្រសម្រាប់ចាប់កម្រិតល្បឿន។ លោកក៏បានអរគុណដល់ឯកឧត្តមអភិបាល រាជធានី​ភ្នំពេញ និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទរាជធានីភ្នំពេញ ដែលបានជួយគាំទ្រ ទាំងស្មារតី និងថវិកាសម្រាប់ការចំណាយក្នុង​ការប្រណាំងទូកជ្រើសរើសទូកលឿន ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។

ឯកឧត្តម ឃួង ស្រេង ថ្លែងថា អនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាព​រាជធានី​ភ្នំពេញ បានត្រៀមរួចរាល់ ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ​មកលេងបុណ្យអុំទូកឆ្នាំនេះឱ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្តម នៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ កីឡាការិនីអុំទូកទាំងអស់ត្រូវហូបចុក និងសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តី យោគយល់ និងអធ្យាស្រ័យគ្នាព្រោះ​យើង​មកចូលរួមលើកតម្កើងប្រពៃណីទំនៀម ទម្លាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សាណាមួយរវាងគ្នា និងគ្នានោះទេ។

ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរស បានទៅលើទូកឈ្មោះពេជ្រកែវមុនី សែនជ័យបារមីអ្នកតា តំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិនារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមី​សារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ៦៨ទៅ៧៤នាក់ បានទៅលើទូកឈ្មោះមហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ៧៥​ទៅ៧៦នាក់ បានទៅលើទូកឈ្មោះដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំ ចំណុះ៧៧នាក់ឡើងទៅ បានទៅលើ​ទូកឈ្មោះកំសាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឬទ្ធីសែនបារមីទួលរកា។  ទូកប្រណាំងសាកល្បងទាំងនេះ សុទ្ធតែទទួលបានការឧបត្ថម្ភពី ឯកឧត្តម ឃួង ស្រេង និងលោកជំទាវទៅតាមចំណាត់ថ្នាក់៕

ប្រភព៖ AKP