ប្រជាកសិករខេត្តព្រះសីហនុ ច្រូវកាត់ស្រូវរដូវវស្សាបានចំនួន ១ ២៥៨ហិកតា ស្មើនឹង ១០,៣៥ភាគរយ នៃផ្ទៃដីសរុប

0

ព្រះសីហនុ៖ ការិយាល័យគ្រឿងយន្តកសិកម្ម និងការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឱ្យដឹងថា  គិតត្រឹមថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការចុះស្រង់ទិន្នន័យការងារច្រូតកាត់ស្រូវរដូវវស្សារបស់ប្រជាកសិករ ក្នុងស្រុកព្រៃនប់ និង ស្រុកកំពង់សិលា ប្រចាំឆ្នាំ២០២៣នេះមានដូចជា៖ ការច្រូតកាត់ស្រូវរដូវវស្សារបស់ ប្រជាកសិករ នៅទូទាំងខេត្តព្រះសីហនុអនុវត្តន៍បានចំនួន ១ ២៥៨ហិកតា ស្មើនឹង ១០,៣៥ ភាគរយ លើផ្ទៃដីដែលបានអនុវត្ដន៍សរុបចំនួន ១២ ១៥៦ ហិកតា ក្នុងនោះស្រុក ព្រៃនប់ សម្រេចច្រូតកាត់ស្រូវរដូវវស្សាបានចំនួន ៣០៣ហិកតា ស្មើនឹង ២,៩១ភាគរយ លើផ្ទៃដីដែល បានអនុវត្តន៍មានចំនួន ១០ ៣៩៦ហិកតា និងស្រុកកំពង់សិលាអនុវត្តន៍ការងារ ច្រូតកាត់ស្រូវ រដូវវស្សាបានចំនួន ៩៥៥ហិកតា ស្មើនឹង ៥៤,២៦ភាគរយ លើផ្ទៃដីដែល បានអនុវត្តន៍មាន ចំនួន ១ ៧៦០ហិកតា ម្យ៉ាងទៀតការច្រូតកាត់នាពេលបច្ចុប្បន្ន គឺប្រើដោយ ម៉ាស៊ីនច្រូត ទំនើប ដោយសារតែការច្រូតកាត់តាមបែបបុរាណខ្វះកម្លាំងពលកម្ម។

ការច្រូតកាត់ស្រូវរដូវវស្សានៅខេត្តព្រះសីហនុ ត្រូវធ្វើឱ្យហើយមុនរដូវរំហើយចូលមក ដល់ គឺឱ្យហើយមុនពាក់កណ្តាលខែធ្នូ បើមិនដូច្នោះទេធ្វើឱ្យខ្យល់កន្ត្រាក់កួចយកករស្រូវអស់ ជាពិសេសស្រូវស្រែរបស់បងប្អូនប្រជាកសិករនៅតាមបណ្តោយផ្លូវជាតិលេខ៣ វាលរេញ ត្រពាំងរពៅ ព្រោះចាប់ពីខែធ្នូ តំបន់ដែលនៅតាមផ្លូវជាតិលេខ៣ តែងតែរងគ្រោះនូវខ្យល់ កន្រ្តាក់ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែវាអាស្រ័យតាមខ្យល់តិច ឬខ្លាំងទៅតាមស្ថានភាពខ្យល់ ជាក់ស្តែង ហើយនៅរដូវរំហើយផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់ ខាងលើក៏រងគ្រោះដោយ សារខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ ធ្វើឱ្យផ្ទះខ្លះប៉ើងដំបូល ឬផ្ទះខ្លះទៀតអាចដួលរលំទាំងស្រុង វាអាស្រ័យទៅតាមស្ថានភាពខ្យល់នៃឆ្នាំនីមួយៗ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ មាន ២ក្រុង និង ៣ស្រុក ហើយមានស្រុកចំនួន២ ដែលមានផ្ទៃដីកសិកម្មក្នុងការដាំដុះស្រូវ ក្នុងនោះមានដូចជា ស្រុកកំពង់សិលា និងស្រុក ព្រៃនប់ ម្យ៉ាងទៀតការធ្វើស្រូវរបស់ប្រជាកសិក គឺធ្វើតែស្រូវស្រាល អាចច្រូតកាត់ឱ្យបានមុន ពាក់កណ្តាលខែធ្នូ ព្រោះនៅខែធ្នូ ខ្យល់រំហើយ នឹងខ្យល់កន្រ្តាក់តែងតែកើតមានឡើងជា រៀងរាលឆ្នាំបោកបក់ បង្កឱ្យខូចខាតផលស្រូវរដូវវស្សារបស់ប្រជាកសិករ។ ទន្ទឹមនោះក៏អាច បង្កឱ្យមានគ្រោះធម្មជាតិប៉ើងដំបូលផ្ទះ និងរលំផ្ទះប្រជាពលរដ្ឋថែមទៀតផង។ ថ្មីៗនេះខ្យល់ កន្រ្តាក់ក៏បានបំផ្លាញដំបូលផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរ ក្នុងនោះមានដូចជា ឃុំសាមគ្គី និងឃុំទឹកល្អក់ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ អស់ជិត ២០០គ្រួសារ៕

ប្រភព៖ AKP