សមាគមជប៉ុន-កម្ពុជា ជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពីគម្រោងបើកការិយាល័យនៅភ្នំពេញនាឆ្នាំ២០២៤

0

ភ្នំពេញ៖ ថ្លែងនាឱកាសដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន- កម្ពុជា (JCA) បានគូសបញ្ជាក់ថា សមាគមនឹងបើកការិយាល័យរបស់ខ្លួន​នៅរាជធានីភ្នំពេញ។

ឯកឧត្ដមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា ការិយាល័យនេះ នឹងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដើម្បី​ដើរតួនាទីជាមជ្ឈមណ្ឌលកណ្តាលក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា​រវាងសហគ្រាស​ធុនតូច និងមធ្យម (SMEs) ជប៉ុន និងដៃគូវិនិយោគនានានៅប្រទេសកម្ពុជា។

ឯកឧត្ដមប្រធានសមាគម ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ផងដែរថា បច្ចុប្បន្ននេះ សមាគម JCA កំពុងកៀរគរ និង​ជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យមជប៉ុនដែលមានវិជ្ជាជីវៈ និងបច្ចេកវិទ្យាទំនើប មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក្នុងន័យដើម្បីជំរុញការវិនិយោគបន្ថែម ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី និងគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ព្រមទាំងបានសម្តែងនូវការអបអរសាទរ​សម្រាប់ឱកាស​ប្រារព្ធខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់​ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការ  ជាពិសេសការជំរុញវិនិយោគិនជប៉ុនមកបណ្ដាក់ទុនដើម្បីរួមចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះគម្រោងបើកការិយាល័យ​សមាគម​ជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ និងបានថ្លែងអរគុណដល់វិនិយោគិនជប៉ុនដែលបានបង្ហាញការចាប់អារម្មណ៍ចំពោះ​ការវិនិយោគ​ទៅលើវិស័យកសិកម្ម ទេសចរណ៍ និងគ្រឿងសម្អាងនៅកម្ពុជា៕

ប្រភព៖ AKP