ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន ចុះMoUចំនួន ២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ ដើម្បីជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ គឺ  ១. កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ២. ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ និងបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈទាំងពីរ។

អនុស្សរណៈយោគយល់នេះមានគោលបំណង ជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់ លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសចិននិងកម្ពុជា។

អនុស្សរណៈទី ១ ផ្ដោតលើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បី លើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជានិង សាធារណរដ្ឋប្រជាមានិតចិន និងជំរុញនវានុវត្តន៍ និងវិសាលភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនេះនឹងជួយបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្តបន្ថែមទៀត ព្រមទាំងគាំទ្រគោលនយោបាយដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

អនុស្សរណៈទី ២ ផ្តោតទៅលើការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់ និងផាត់ទាត់នៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសមត្ថភាព នៃវិស័យធនាគារនៅកម្ពុជា សំដៅជួយសម្រួលពាណិជ្ជកម្ម វិនិយោគ និងលំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើងជាលំដាប់ឱ្យកាន់តែរលូនជាងមុនបន្ថែមទៀត។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ នេះក៏នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងបង្កើនសក្តានុពលរបស់កម្ពុជាឱ្យ ក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ តាមរយៈផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដែល គ្រឹះស្ថានធនាគារនៅកម្ពុជានឹងផ្តល់ជូនដល់វិនិយោគិនចិន៕

ប្រភព៖ AKP