ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ REGATTA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
បើតាមការឱ្យដឹងរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ២០២៣នេះ នាវាទេសចរណ៍បរទេសមានឈ្មោះ REGATTA មានសញ្ជាតិ Masshall Island មានបណ្តោយ ១៨០,៩៦ម៉ែត្រ ទទឹង ២៥,៤៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានធ្វើដំណើរចាកចេញពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៦រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ប្រទេសថៃ ។
ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវាយក្ស REGATTA មានចំនួន ៦២៨នាក់ ស្រីចំនួន ៣៣៥នាក់ និងមាន ២៥សញ្ជាតិ មាននាវិកសរុបចំនួន ៣៩២នាក់ ស្រី ៨៧នាក់ មាន ៣៥សញ្ជាតិ ។ ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវាទេសចរណ៍ REGATTA បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្ត មានដូចជា៖ វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ, តំបន់នេសាទទំនប់រលក (ភូមិ៣), និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាព និងការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ។
សូមរម្លឹកថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍បរទេសចំនួន ៣គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅកំពង់ផែស្វយ័តក្រុងខេត្តព្រះសីហនុ ៕
ប្រភព៖ AKP