សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងសាធារណការ និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការបន្សីគ្នារវាងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យស្របទៅតាមប្លង់គោលមួយ

0

កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការបន្សីគ្នារវាងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេសការធ្វើផ្លូវ ស្ពាន បណ្ដាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គិសនីឱ្យស្របទៅតាមប្លង់គោលមួយដើម្បីចៀសវាងការធ្វើរាងខ្លួនដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ និងថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋ។ ការណែនាំរបស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាមទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងសាធារណការ និងដឹក ជញ្ជូនក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃបណ្ដាមន្ទីរ បណ្ដាខេត្តនៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះកំណត់យន្តការ និងចាត់វិធានការឱ្យបានតឹងរឹងបំផុតក្នុងការថែរក្សាផ្លូវជាតិនេះឱ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច នៅក្នុងករណីដែលមានការខូចខាតណាមួយសូមជួសជុលឱ្យបានឆាប់រហ័សចៀសវាងការបណ្ដោយឱ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ទន្ទឹមនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវជា ពិសេសត្រូវពង្រឹងលើផ្លាកសញ្ញាចរាចរណ៍ និងការសម្រួលលំហូរចរាចរណ៍ជាដើមដើម្បីចៀសវាង ឬធ្វើយ៉ាង ណាកាត់បន្ថយឱ្យបានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ និងកុំបើកលើសល្បឿនកំណត់។ សម្ដេចធិបតីបានថ្លែងបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ កុំបើកលើសល្បឿនកំណត់។ ត្រូវប្រុងប្រយ័ត្នជានិច្ចនូវចំណុចដែលមានផ្លូវឆ្លងកាត់ ត្រូវចូលរួមទប់ស្កាត់ឱ្យបានដាច់ខាតការដឹកជញ្ជូនលើសកំណត់នឹងត្រូវត្រួតពិនិត្យជាប្រចាំនៅលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប់ជាប្រចាំ»៕

ប្រភព៖ AKP