កំពង់ឆ្នាំង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តយកគោលនយោបាយរបស់រាជរដ្ឋាភិបាលចាស់សម្រាប់ការអនុវត្តជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនេះ ក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលជួបជាមួយ ថ្នាក់ដឹកនាំបណ្តាប្រទេសនានាគេសុទ្ធតែចង់ដឹងពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ថ្មីថាតើគោលនយោបាយការទូតការបរទេសយ៉ាងដូចម្ដេចដែរ។ សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «ខ្ញុំសូមប្រាប់ថាគោលនយោបាយការទូតរបស់រដ្ឋាភិបាលថ្មីអាណត្តិទី៧ គឺផ្អែកលើគោលនយោបាយនិរន្តរភាព និងចីរភាព មានន័យថាគឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលចាស់(អាណត្តិទី៦)បានធ្វើពិសេសនោះការបង្កើតនិងថែរក្សានៃទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នាទៅវិញទៅមកតាមច្បាប់អន្តរជាតិ»។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា នៅឆ្នាំនេះគឺជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយកាលពីម្សិលមិញក្នុងជំនួបជាមួយអតីត ឯកអគ្គរាជទូតជប៉ុន និងជាអ្នកផ្តួចផ្តើមឱ្យមានការបាញ់កាំជ្រួចដើម្បីអបអរសារទខូបលើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ប្រទេសជប៉ុនគឺជាប្រទេសមួយមានទំនាក់ទំនងជាមួយកម្ពុជាមុនគេបើធៀបនឹងប្រទេសដទៃទៀត ព្រោះថាប្រទេសកម្ពុជាបានទទួលឯករាជ្យរយៈពេល៧០ឆ្នាំ មកហើយ។ លើសពីនេះទៀត អ្វីដែលពិសេសនោះគឺកម្ពុជាបានធ្វើទំនាក់ទំនងជាមួយគ្នារយៈពេល៧០ ឆ្នាំមកហើយដែលចំណុចនេះអាចនិយាយថាមានទំនាក់ទំនងមុនគេ៕
ប្រភព៖ AKP