សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកផ្លូវជាតិលេខ៥ជាសរសៃឈាមសំខាន់សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកផ្លូវជាតិ លេខ៥គឺជាសរសៃឈាមមួយសំខាន់ណាស់សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសព្រោះថាផ្លូវនេះតភ្ជាប់ទៅកាន់ខេត្តមួយចំនួន។  ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងខេត្ដកំពង់ឆ្នាំង។

សម្តេចធិបតី ហ៊ុន  ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាមានឡានល្អយ៉ាងណាក៏ដោយ បើគ្មានផ្លូវល្អ ឬអំណោយផលទៅមិនរួចទេ  ទោះបីយកឡានប្រណាំង F1 យកមកបើកដឹងតែខ្ទេចឡានតែម្តងទៅមុខមិនរួចទេ ដូច្នេះកត្តាផ្លូវនេះសំខាន់ណាស់។  សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ផ្លូវជាតិលេខ៥ គឺជាផ្លូវសរសែឈាមមួយសំខាន់ដែលថ្ពួកបណ្តាផ្លូវផ្សេងៗទៅភ្ជាប់ទីប្រជាជុំជននៅក្នុងខេត្តកណ្តាល  ពោធិសាតិ៍ កំពង់ឆ្នាំង  បាត់ដំបង បន្ទាយមានជ័យ  និងខេត្តកំពង់ស្ពឺ។ អីចឹង ភ្ជាប់ផ្លូវច្រើនដែលជាមេសរសៃឈាមមួយ មិនត្រឹមតែភ្ជាប់នៅកាន់តំបន់និងភូមិសាស្ត្រទេ ប៉ុន្តែវាជាសរសៃឈាមដែលចិញ្ចឹមដល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅជាប់ផ្លូវនោះ»។  សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកានេះគឺជាខួប៣ខែនៃការបង្កើតរាជរដ្ឋាភិ បាលអាណត្តិទី៧ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣កន្លងមក រដ្ឋសភាបានអនុម័ត        សមាសភាពរាជរដ្ឋាភិបាលជាផ្លូវការ។ សម្ដេចធិបតីបានអះអាងថា ការសម្ពោធផ្លូវជាតិលេខ៥នៅថ្ងៃនេះគឺជាថ្ងៃពិសេស ហើយជានិមិត្តរូបនៃការបន្តនៃការអភិវឌ្ឍដែលមានស្រាប់ និងជានិមិត្តរូបនៃការបន្តពង្រឹងប្រទេសជាតិក្នុងស្ថានភាពសេដ្ឋកិច្ចរីកចម្រើនដែលបានកសាងពីពេលមុនៗមក និងការបើកពង្រីកអភិវឌ្ឍន៍បន្ថែមទៀត។   ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា នៅដាក់សម្ភោធផ្លូវជាតិលេខ៥នេះ ក៏ជានិមិត្តរូបនៃការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តរបស់យើងផងដែរ៕

ប្រភព៖ AKP