សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡានោះទេ ប៉ុន្តែគឺជាមោទនភាពសម្រាប់ជាតិទាំងមូល

0

ភ្នំពេញ៖ «ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មិនត្រឹមតែជាព្រឹត្តិការណ៍នៃការប្រកួតកីឡានោះទេ ប៉ុន្តែសម្រាប់កម្ពុជាយើងគឺជាមោទនភាពមួយដែលប្រជាជាតិយើងទាំងមូលរួមគ្នា មិនថាចាស់ មិនថាក្មេង មិនថាអ្នកនៅរាជធានីភ្នំពេញឬនៅជនបទទេ គឺតាមដាននិងគាំទ្រ ហេតុនេះហើយគឺជាសមិទ្ធផលរួមនិងភាពជោគជ័យកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលយើងបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ»។ នេះជាប្រសាសន៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី“ជប់លៀងអបអរសាទរជោគជ័យ Sea Games-ASEAN Para Games ឆ្នាំ២០២៣” នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ   បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី បានប្រសាសន៍ថា តាមការចងចាំរបស់សម្ដេចមកដល់ពេលនេះ ស៊ីហ្គេមនិងប៉ារ៉ាហ្គេមគឺជាព្រឹត្តិការណ៍កម្រណាស់នៅកម្ពុជាយើងដែលទាក់ទាញ ការចាប់អារម្មណ៍ ការគាំទ្រពីប្រជាជនទូទាំងប្រទេសក្នុងពេលតែមួយ។


សម្ដេចធិបតី បានគូសបញ្ជាក់ថា «និយាយរួមព្រឹត្តិការណ៍អីក៏ដោយ ឧទាហរណ៍កីឡាអីក៏ដោយ បើសិនជា សូម្បីតែអ្នកដែលអត់ស្គាល់កីឡាក៏តាមមើលដែរ បានន័យថាពិសេសហើយ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេម ទាំងព្រឹត្តិការណ៍បើក ព្រឹត្តិការណ៍នៃការប្រកួតនេះប្រជាជនយើងទូទាំងប្រទេសមិនថាអ្នកចូលចិត្តវិស័យកីឡាឬសូម្បីតែនៅក្នុងផ្ទះខ្ញុំក៏អញ្ចឹងដែរ គ្រួសារខ្ញុំអត់ធ្លាប់លេងកីឡាបាល់ទះអីទេ ប៉ុន្តែដល់ម៉ោងកីឡាកម្ពុជាប្រកួតគឺគាត់អត់ ឱ្យខ្ញុំដូរប៉ុស្តិ៍ទេ»។


សូមរំឭកផងដែរថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ចំនួន ២៨២មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៨១ មេដាយប្រាក់ ចំនួន ៧៤ និងមេដាយសំរឹទ្ធ ចំនួន ១២៧ ។ រីឯព្រឹត្តិការណ៍ ASEAN Paragames លើកទី១២ ឆ្នាំ២០២៣ កម្ពុជាទទួលមេដាយសរុប ចំនួន ៧១មេដាយ ក្នុងនោះ មេដាយមាស ចំនួន ៩ មេដាយប្រាក់ ចំនួន ១៨ និងមេដាយសំរឹទ្ធ ចំនួន ៤៤ ៕

ប្រភព៖ AKP