សៀមរាប៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានគោលការណ៍ពង្រីកផ្លូវជាលេខ ៦ពីចំណុចប្រសព្វអក្សរTផ្លូវហាយវ៉េចេញពីព្រលានទៅដល់ទីរួមខេត្តគឺមានចម្ងាយជិត២០គីឡូម៉ែត្រដែលគ្រោងចំណាយ ៦០លានដុល្លារពង្រីកចេញជា៤គន្លងនិង ៦ គន្លងនិងកំពុងចរចាជាមួយក្រុមហ៊ុនធ្វើផ្លូវរទេះភ្លើងកម្រិតស្រាលតភ្ជាប់ពីព្រលានទៅកាន់ក្រុងសៀមរាបតែម្ដង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីក្រុងសៀមរាបមកកាន់ព្រលានយន្តហោះគឺជាការងារដ៏សំខាន់។ ព្រលានយន្តហោះដែលនៅឆ្ងាយពីទីក្រុងនៅលើពិភពលោកនេះមិនចម្លែកទេ ។ប៉ុន្តែអ្វីដែលសំខាន់គឺការតភ្ជាប់ពីព្រលានទៅទីក្រុង។ នៅក្នុងន័យនេះ សម្តេចធិបតី បានអរគុណក្រុមហ៊ុនវិនិយោគព្រលានយន្តហោះ ដែលមិនត្រឹមតែវិនិយោគសាងសង់ព្រលានទេគឺវិនិយោគកសាងផ្លូវហាយវ៉េពីព្រលានទៅដល់ផ្លូវជាតិលេខ៦។
សម្តេចធិបតីបន្តថា៖«ភារកិច្ចនិងកិច្ចការដែលត្រូវធ្វើគោលការណ៍រាជរដ្ឋាភិបាលត្រៀមហើយមួយគឺយើងមានផែនការពីរទី១.ពង្រីកផ្លូវជាលេខ៦ របស់យើងពីចំណុចប្រសព្វអក្សរT ផ្លូវហាយវ៉េពីព្រលានទៅដល់ទីរួមខេត្តគឺមានចម្ងាយជិត ២០ គីឡូយើងបានត្រៀមហើយហើយគម្រោងចំណាយ៦០ លានដុល្លារហើយយើងបានកំពុងចរចាហើយឆ្នាំក្រោយ យើងនឹងពង្រីកចេញជា៤ គន្លងនិង ៦ គន្លងសម្រាប់ការធ្វើដំណើរនេះ។ ទី២.យើងកំពុងចរចាជាមួយក្រុមហ៊ុនធ្វើផ្លូវរទេះភ្លើងកម្រិតស្រាលពីព្រលានទៅកាន់ក្រុងសៀមរាបតែម្ដង »។
សម្តេចធិបតីបន្តថា ការតភ្ជាប់នេះសំខាន់ណាស់គឺធ្វើយ៉ាងណាកាត់បន្ថយចំណាយ,កាត់បន្ថយពេលវេលារវាងការធ្វើដំណើរពីក្រុងសៀមរាបមកកាន់ព្រលានយន្តហោះនេះ៕
ប្រភព៖ AKP