សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនការហោះហើរត្រង់ ពីតំបន់ទេសចរណ៍ នៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមកកម្ពុជា

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានកាលពីកន្លងទៅ សម្ដេចបានចរចាជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍ក្នុងតំបន់អាស៊ាន មកកាន់កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ១៥០លានដុល្លារក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ។

សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសម្ថកិច្ចធ្វើយ៉ាងណាឱ្យសុវត្ថិភាព សន្តិសុខនៅក្នុងតំបន់ជុំវិញព្រលានយន្តហោះខេត្តសៀមរាបថ្មីនេះ ក៏ដូចជានៅក្នុងខេត្តឱ្យដំណើរការទៅបានល្អធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចរនៅក្នុងខេត្ត ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ជំរុញការភ្ជាប់ជើងហោះហើរត្រង់បន្ថែម ក្រសួងទេសចរណ៍កំពុងធ្វើការខិតខំ ក្នុងតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ។ នៅក្នុងជំនួបរបស់ខ្ញុំជាមួយថ្នាក់ដឹកនាំអាស៊ាន យើងបានចរចាគ្នា ក្នុងការភ្ជាប់រវាងតំបន់ទេសចេណ៍ ពីបណ្ដាប្រទេសមួយចំនួន ក្នុងអាស៊ាន ពីវៀតណាម ពីឡាវ ពីហ្វីលីពីន ពីសេប៊ុ ពីថៃ ពីភូកេត ពីដាណាងនៅវៀតណាម ខិតខំធ្វើយ៉ាងណាបង្កើនការហោះហើរត្រង់មកទីនេះ (ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ) ហើយសង្ឃឹមថា ឆ្នាំ២០២៤ យើងអាចឈានទៅដល់ការជំរុញទេសចរឱ្យមកតាមច្រកនៅទីនេះ» ។

ជាមួយគ្នានោះដែរ សម្ដេចធិបតី លើកឡើងថា កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ សម្ដេចធិបតីថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺក្រសួងការបរទេស និងក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការងារនេះជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ទេសចរ ក៏ដូចជាពលរដ្ឋថៃ មកខេត្តសៀមរាប ។ សម្ដេចធិបតីបន្តថា កន្លងទៅយើងមានកិច្ចព្រមព្រៀងខេត្តជាប់ព្រំដែន ដែលពលរដ្ឋអាចចូលទៅខេត្តជាប់ព្រំដែនរៀងៗខ្លួន មិនចាំបាច់ប្រើ PASSPORT ទេ ។

សម្ដេចធិបតីថា ឥឡូវនេះយើងចង់ពង្រីកវិសាលភាពឱ្យមកដល់ខេត្តសៀមរាបតែម្ដង បានន័យថា ពលរដ្ឋថៃចូលមកខេត្តសៀមរាប មិនចាំបាច់មាន PASSPORT ទេ គឺមានត្រឹមបណ្ណព្រំដែន គឺចូលមកបានហើយ ៕

ប្រភព៖ AKP