អភិបាលខេត្តកណ្ដាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែនៅក្រុងអរិយក្សត្រ

0

កណ្តាល៖ ប្រជាពលរដ្ឋរស់នៅភូមិអរិយក្សត្រ និងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល មានការសប្បាយរីករាយ ដោយទទួលបាននូវសមិទ្ធផលថ្មីជាផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៣ ២៤៩ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និង លូរំដោះទឹកអមសងខាងផ្លូវ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តមគង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងពិធីសម្ពោធផ្លូវបេតុងនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេមួយខ្សែ និងលូរំដោះទឹកអមសងខាងផ្លូវនាពេលនេះ គឺជាសមិទ្ធផល ដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀត របស់សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភណភាព ផាសុកភាព សមធម៌ និងបរិយាប័ន្ន។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ ៖ « មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា » ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ ។ នយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវ ទាំងក្នុងអតីតកាល បច្ចុប្បន្ន កាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ » ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ផ្លូវបេតុងអាមេ ប្រវែង ៣ ២៤៩ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅ ភូមិអរិយក្សត្រ, ភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ សាងសង់ដោយឧកញ៉ា ភឺន ផល្លា ដែលបានប្រសិទ្ធនាមថា « វិថី ឧកញ៉ា ភឺន ផល្លា » ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តន៍នូវគោលនយោបាយ « ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព » ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណគ្រប់ប្រភេទ ដោយជំរុញអនុវត្តន៍ឱ្យបានតាមទិសស្លោក « ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព » ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ។ បន្តរួមគ្នាខិតខំដោះស្រាយសំណើ, សំណូមពរ, និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, និងយុត្តិធម៌, ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ AKP