ក្រសួងកសិកម្មអំពាវនាវដល់ពលរដ្ឋផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញអ្នកប្រើឧបករណ៍ឆក់ត្រី​

0

ស្ទឹងត្រែង៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាអំពាវនាវដល់ពលរដ្ឋផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញអ្នកប្រើឧបករណ៍ឆក់ត្រី​។​ ការអំពាវនាវរបស់ក្រសួងកសិកម្មបន្ទាប់ពីសត្វផ្សោតមួយក្បាលនៅខេត្តស្ទឹងត្រែងបានស្លាប់។​

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាម ការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយ ឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

ប្រភពបានលើកឡើងថាក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល ។

ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។

រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ចនៅពេលឃើញអ្នកប្រើឧបករណ៍ឆក់ត្រី៕

ប្រភព៖ AKP