សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កោះនរា ប្រែក្លាយពីតំបន់លិចទឹក ក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា កោះនរាធ្លាប់ជាតំបន់លិចទឹករាប់ឆ្នាំមកហើយ បានក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ជួយបង្កើនជីវភាពប្រជាពលរដ្ឋនៅភាគខាងកើតរាជធានីភ្នំពេញឱ្យរីកចម្រើនកាន់តែលឿន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ” នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ   បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងថា ស្ពាននេះជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាធិបតី អតីតនាយករដ្ឋមន្ត្រី យកស្លឹកត្នោត ខ្ចប់ស្ករត្នោតថារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ វាជាសរសៃឈាមរបស់យើង។ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្លាំងណាស់សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចសរសៃឈាមបើគ្មានឈាមជំរុញទៅទេ កន្លែងខ្លះអាចស្លាប់ កន្លែងខ្លះគ្មានចលនា។ សម្ដេចធិបតី  បានថ្លែងបន្តថា កោះនរា មានលក្ខណៈពិសេសមួយចំនួន ដោយការកសាងនៅទីនេះគឺជាការស្រោចស្រង់នូវអ្វីដែលបានបាត់ ដោយសារតំបន់នេះជាតំបន់ចំមុខចរន្តទឹកទន្លេបួនមុខ ធ្វើឱ្យទឹកបុកបាក់ដីស្ទើរបាត់កោះនេះទាំងមូល។

សម្ដេចធិបតី បានថ្លែងថា អ្នកខ្លះថាចាក់ដីលប់ទន្លេ ប៉ុន្តែកន្លែងនេះជាការស្រង់ឬជប់ឡើងវិញពីតំបន់លិចទឹកក្លាយជាតំបន់មានសេដ្ឋកិច្ចរស់រវើកជាងមុន ប្រែក្លាយជាតំបន់ពហុសកម្មភាពសេដ្ឋកិច្ច ក្លាយជាទីក្រុងមួយមិនចាញ់កោះពេជ្រប៉ុន្មានឡើយ។

ការប្រែក្លាយទីនេះជាតំបន់សេដ្ឋកិច្ច មានដូចជា៖ ទីផ្សារ កន្លែងធ្វើការ និងសួនសាធារណៈផ្សេងៗគឺជាកិច្ចការសំខាន់។ សម្ដេចធិបតី ថ្លែងសង្កត់ធ្ងន់ថា »ការអភិវឌ្ឍដែលមានន័យបំផុតគឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ»៕

ប្រភព៖ AKP