សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឱ្យអនុវត្តន៍ កម្មវិធីជាតិជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ

0

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ការដាក់ឱ្យអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនការបង្កើនឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញនិងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

សម្តេចធិបតីថ្លែងនាព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា ២០២៣ នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ។

សម្តេចធិបតីបន្តថា កម្មវិធីទាំងពីរនឹងធ្វើដំណើរស្របគ្នាជាមួយនឹងយុទ្ធសាស្ត្រជាតិស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ ដែលមានគោលដៅរួមទី១.ផ្ដល់នូវជំនាញដើម្បីទទួលបាននូវការងារសមរម្យនិងការប្រកបមុខរបរដោយខ្លួនឯង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសាលភាពសេដ្ឋកិច្ច ។

ទី២.ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ ដោយសារជំងឺនិងវិបត្តិសេដ្ឋកិច្ចសកល។ទី៣.ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យក្លាយជាចលករដ៏សំខាន់ដែលអាចរួមចំណែកដល់ការសម្រេចបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ៕

ប្រភព៖ AKP