ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ប្រៀបបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនឱ្យចេះស្ទូចត្រី។
សម្តេចធិបតីថ្លែងនាព្រឹកថ្ងៃទី១៤ខែ វិច្ឆិកា២០២៣នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ។
សម្តេចធិបតីមានប្រសាសន៍ថា កម្ម វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នឹងធ្វើយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យមានជីវភាពល្អប្រសើរដោយរក្សាបាននូវស្ថេរភាពនិងកំណើន។
កម្មវិធីនេះមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុងការផ្ដល់ជំនាញប្រចាំជីវិតពិតប្រាកដដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យដើម្បីទទួលបានឱកាសការងារនិងបង្កើតការងារដោយខ្លួន ឯងដោយភាពម្ចាស់ការមានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារហើយជារួមការអនុវត្តកម្មវិធីការងារនេះនឹងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារគោលដៅបានល្អប្រសើរឱ្យចាកផុតពីបន្ទាត់នៃភាពក្រីក្រ ។
សម្តេចធិបតីបន្តឱ្យដឹងថា បច្ចុប្បន្នរាជរដ្ឋា ភិបាលកំពុងតែឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រជាង ៧០ ម៉ឺនគ្រួសារនិងគ្រួសារងាយរងហានិភ័យជាច្រើនគ្រួសារទៀត ។
សម្តេចធិបតីបន្តថា ការជួយឧបត្ថម្ភនេះប្រៀបដូចជាការឱ្យត្រីទៅបងប្អូនប្រជាពលរដ្ឋអាចឱ្យបងប្អូនរស់បានក្នុងកាលៈទេសៈលំបាកចំពោះមុខ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ការកសាងជីវភាពរឹងមាំនិងចិរភាពនោះ ។
សម្តេចធិបតីបន្តថា ជារួមការដាក់ចេញនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញជីវិជ្ជាជីវៈនិងបច្ចេកទេសនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីជួយបង ប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យអាចមានចំណេះដឹងចំណេះធ្វើនិងអាចស្វែងរកការងារធ្វើដោយខ្លួនឯងប្រៀ បបានដូចជាជីកស្រះធំដើម្បីចិញ្ចឹមត្រីនិងបង្រៀនបងប្អូនដែលចេះស្ទូចត្រី ។ វានឹងផ្ដល់ឱកាសនិងសិទ្ធិដល់បងប្អូននូវជម្រើសរបស់បងប្អូនក្នុងការចាប់ត្រីដោយខ្លួនឯងក្នុងការចាត់ចែងដោយខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា នេះជាមធ្យោបាយយូរអង្វែងដែលជួយដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះចាកផុតពីភាពក្រីក្រ ក្លាយទៅជាគ្រួសារដែលមានជំនាញមួយដែលប្រកបកាងារមុខរបរយូរអង្វែង និង មានលទ្ធភាពចូលរួមនៅក្នុងប្រព័ន្ធសន្តិសុខសង្គមនៅពេលណា មួយ ។
សម្តេចធិបតីបន្តថា ការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសមានតួនាទីចម្បងបីទី១.ផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ។ទី ២.ជួយកាត់បន្ថយគម្លាតជំនាញនិងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្ម ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយខ្លួនពីឧស្សាហកម្មអត្តពលកម្មទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញនិង ទី៣.ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន៕
ប្រភព៖ AKP