អភិបាលស្រុកតាំងគោក ផ្ដល់ពូជស្រូវជូនប្រជាកសិករ ដើម្បីស្ដារឡើងវិញដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់

0

កពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បាននាំយកពូជស្រូវសែនក្រអូប ចំនួន ៣២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅផ្ដល់ជូនប្រជាកសិករចំនួន៣២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ នៅឃុំពង្រ និងឃុំស្រឡៅស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅក្នុងឱកាសនេះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាចានាចក្រកម្ពុជាដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពី ទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ របស់ប្រជាកសិករជាច្រើនហិកតា ។ លោក បានបន្តថា ចំពោះគ្រួសារដែលត្រូវបានជ្រើសរើស ដោយឆ្លងកាត់តាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបានក្រោយទឹកស្រក ។ នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំ ។

លោក ហាក់ ម៉ុងហួត បានណែនាំដល់លោកប្រធានការិយាល័យកសិកម្មស្រុក ក៏ដូចជាមន្ត្រីជំនាញត្រូវផ្តល់ការប្រឹក្សាយោបល់ ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេសផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ចៀសវាងមានការខូចខាតជាថ្មីទៀត ។ ប្រសិនបើមានបញ្ហាអ្វីមួយក្នុងការសាបព្រោះ សូមរាយការណ៍មកអាជ្ញាធរ និងមន្ត្រីជំនាញជាបន្ទាន់ ដើម្បីចុះជួយសម្របសម្រួលដល់ទីតាំងផ្ទាល់។

តាមរបាយការណ៍របស់មន្រ្តីជំនាញស្រុក បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ឆ្នាំ២០២៣ បានធ្វើឱ្យខូចខាតដល់ដំណាំស្រូ វរបស់ប្រជាកសិករ ក្នុងឃុំពង្រ និងឃុំស្រឡៅ ស្មើ៥ភូមិ មាន ៣២គ្រួ សារ លើផ្ទៃដីចំនួន៦៣ហិកតាហើយផ្ទៃដីដែលខូចខាតខាងលើនេះ សុទ្ធតែអាចស្ដារឡើងវិញបាន៕

ប្រភព៖ AKP