សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការរធ្វើទំនើបកម្មកងទ័ពផ្តោតទៅលើកិច្ចការសំខាន់៣ចំណុច

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កងកម្លាំងត្រូវតែធ្វើទំនើបកម្មឱ្យទាន់សម័យកាលទើបឆ្លើយតបសភាពការណ៍មានប្រសិទ្ធភាព។ការរធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតទៅលើកិច្ចការសំខាន់៣ចំណុច។

ក្នុងឱកាស អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០វិច្ឆិកានេះ សម្ដេចធិបតី បានថ្លែងថា ការធ្វើទំនើរកម្មកងទ័ពគឺយើងត្រូវផ្ដោតលើ ទី១. ទំនើបកម្មរចនាសម្ព័ន្ធ ទី២.ទំនើបកម្មការហ្វឹកហ្វឺននិងទី៣. ទំនើបកម្មគ្រឿងបំពាក់។ ចំពោះទំនើបកម្មរចនាសម្ព័ន្ធគឺយើងត្រូវពិនិត្យវាយតម្លៃជាប់ជាប្រចាំទៅលើការកែសម្រួលនិងរចនាសម្ព័ន្ធឱ្យស្របទៅនឹងសំណូមពរ ភារកិច្ចបច្ចុប្បន្នទៅអនាគត។

សម្ដេចធិបតីថ្លែងថា ជាការពិតណាស់កងយោធលខេមរភូមិន្ទមានប្រវត្តិយូរអង្វែង ប៉ុន្តែគ្រប់សម័យកាលបញ្ហានិងការប្រឈមគឺមានលក្ខណៈខុសគ្នា។ជាក់ស្ដែងការប្រឈមនិងការគំរាមកំហែងបច្ចុប្បន្នពីសង្គ្រាមបែបប្រពៃណីសង្គ្រាម បែបប្រើប្រាស់កម្លាំងធំទល់នឹងកម្លាំងធំ កម្ពុជាមានហានិភ័យតិចណាស់។ ចំណែកឯការប្រឈមនឹងសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងមួយនឹងអំពើភាវកម្មឧក្រិដ្ឋកម្មផ្សេងៗ ការប្រឈមជាមួយនឹងគ្រោះមហន្តរាយគ្រប់ប្រភេទនិងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា កិច្ចការទាំងអស់នេះគឺទាមទារឱ្យគ្រប់ស្ថាប័នជាតិ ជាពិសេសកម្លាំងសន្តិសុខ ក្នុងនោះមានកងទ័ពផងដែរ បន្តយកចិត្តទុកដាក់នៅក្នុងការវាយតម្លៃនិងកែសម្រួលរចនាសម្ព័ន្ធ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។

សម្ដេចធិបតីបន្ថែមថា  ការពង្រឹងសមត្ថភាពគឺជាការសំខាន់ណាស់។ «យើងសង្ឃឹមថា វាមិនកើតប៉ុន្តែយើងត្រូវត្រៀមលក្ខណៈប្រសិនបើវាកើត។អត់មានពីណាអាចទាយបានថា ភេរវកម្មអាចកើតនៅលើទឹកដីកម្ពុជានោះទេ ឱ្យយើងក៏ធ្លាប់មានករណីជាច្រើនដែលយើងអាចទប់ស្កាត់ និងអាចបង្ការបាន នៅពេលដែលភេរវកររៀបចំផែនការក្នុងការវាយប្រហារនៅក្នុងទឹកដីរបស់យើងយើងបានធ្វើការ អ៊ីចឹងយើងសង្ឃឹមនូវអ្វីដែលល្អបំផុត គឺត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារីយោ ឬមួយហេតុការណ៍ជាយថាហេតុអាក្រក់ដែលអាចកើតឡើង»៕

ប្រភព៖ AKP