ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថានាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនឹងបន្ត ប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការគូសបញ្ជាក់របស់សម្តេចធិបតីបែបនេះ ក្នុងពិធីប្រារព្ធមិទ្ទីញរម្លឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) និងទិវាខួប ៧០ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ក្នុងខួប៧០នៃកំណើតកងយោធពលខេមរភូមិន្ទនាយទាហាននិងពុលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដីការពារអង្គព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ សម្តេចធិបតីបានលើកឡើងថា កងយោធពលខេមរៈភូមិន្ទក៏នឹងបន្តជ្រោងទង់ជាតិខ្មែរឱ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅ បណ្ដាប្រទេស ជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាកម្លាំងដែលមានវិន័យមានមនសិការវិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ ៕
ប្រភព៖ AKP