ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់កម្មករនិយោជិតមានការលូតលាស់ល្អ និងទទួលបានអនាគតភ្លឺស្វាង

0

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា ការបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់កម្មករនិយោជិតមានការលូតលាស់ល្អ និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសធានាបាននូវអនាគតដ៏ភ្លឺស្វាងដល់កូនចៅរបស់បងប្អូនកម្មករនិយោជិត ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ក្នុងកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ថា ចំពោះការបង្កើតទារកដ្ឋានសហគមន៍ និងមត្តេយ្យសហគមន៍ ក្រសួងបានសហការ ជាមួយក្រសួងអប់រំយុវជននិងកីឡា ក្រសួងកិច្ចការនារី តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ និយោជិត ដើម្បីរួមគ្នាសិក្សាបង្កើតទារកដ្ឋាននិងមតេ្តយ្យសហគមន៍នៅតាមតំបន់ ដោយមានការចូលរួមទ្រទ្រង់ថវិកាពីនិយោជក និងភាគីពាក់ព័ន្ធនានា ដែលចំណុចនេះ ក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ ក្នុងនោះ៖ បានចាប់ផ្តើមធ្វើការជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ម្ចាស់សួនឧស្សាហកម្ម ម្ចាស់រោងចក្រ សហគ្រាស ដែលមានកម្មករនិយោជិតច្រើន ដើម្បីគិតគូរពីយន្តការក្នុងការសាងសង់ ការគ្រប់គ្រង ការធានាគុណភាព និងរក្សានិរន្តរភាពនៃទារកដ្ឋាននៅក្នុងសហគមន៍ទាំងអស់នោះ ។

ឯកឧត្តមបានបន្តថា ដោយយោងតាមការពិភាក្សាកន្លងមកនេះ ម្ចាស់រោងចក្រ សហគ្រាស បានគាំទ្រឱ្យមានទារកដ្ឋាននិងមត្តេយ្យសហគមន៍ ដែលនៅក្បែររោងចក្ររបស់គេ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតដែលមានកូនតូច ពិសេសក្រោយសម្រាល៣ខែ បន្ទាប់ពីលម្ហែមាតុភាព អាចយកទារកឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ និងអាចឆ្លៀតពេលវេលាបំបៅដោះកូន ជាពិសេសជួយឱ្យកុមារទទួលអាហាររូបត្ថម្ភគ្រប់គ្រាន់ ។

« តាមរយៈ គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាននិងមត្តេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់កម្មករនិយោជិត មានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតី បញ្ញារឹងមាំ ដែលទទួលបានកម្មវិធីអប់រំកុមារតូច តាំងពីបឋមវ័យ រហូតដល់កម្រិតបឋមក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់ កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតរបស់យើង នឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់ អ្វីដែលជាក្ដីសង្ឃឹមរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារខ្លួនឯង ក៏ប៉ុន្តែនយោបាយរបស់សម្ដេចធិបតី នឹងផ្ដល់ក្ដីសង្ឃឹមថ្មីមួយទៀត គឺអនាគតដ៏ភ្លឺស្វាងដល់កូនចៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង» ។

ឯកឧត្តមបានបន្ថែមទៀតថា បច្ចុប្បន្ននេះ បើទោះបីជាមិនមានទារកដ្ឋានសហគមន៍ឬមត្តេយ្យសហគមន៍ ក៏រោងចក្រ សហគ្រាស ត្រូវមានកាតព្វកិច្ចបង្កើតបន្ទប់បំបៅដោះកូន ដោយត្រូវរៀបចំឱ្យមានអ្នកថែទាំបន្ទប់និងទារកទាំងអស់នោះផងដែរ ដែលនេះគឺជាការចំណាយមួយរបស់និយោជក ។ ហើយការផ្ដល់សេវានោះទៀតសោត ក៏មិនមែនជាការផ្តល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍និងមត្តេយ្យសហគមន៍គឺនឹងបង្វែរថវិការបស់ខ្លួនដែលធ្លាប់តែដំណើរការបន្ទប់ថែទាំទារកនោះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍វិញ ៕

ប្រភព៖ ក្រសួងព័ត៌មាន