សៀមរាប៖ ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ បានដើរឆ្លងកាត់ស្ពានហាលខាងលិច ដើម្បី ចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរ ចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡើងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរ មួយនេះដែរ។
លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយ ក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថា គាត់ធ្លាប់ ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលនោះ ស្ពានមានស្ថានភាពបាក់បែក និង ស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើ ស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែល មកលេងអង្គរងាយ ស្រួលធ្វើដំណើរជាងមុនផង។
ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅខេត្តកណ្តាល អ៊ំស្រី នូ យ៉ន បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្តពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ គាត់យល់ថា កាជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរ ឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។
លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាម៉េរិក ដែលបានដើរឆ្លង កាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណ ដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។
អ្នកទេសចរបរទេសទាំង២នាក់ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំង ពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពាន ហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។
ការពោលសរសើរអំពីការងាររបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលព្រម ទាំងសម្រស់ស្ពានហាលខាងលិចអង្គររបស់ភ្ញៀវទេសចរចម្រុះជាតិសាសន៍នេះ កើត មានឡើងបន្ទាប់ពីស្ពានហាលខាងលិចអង្គរ បានជួសជុលរួចរាល់ ព្រមទាំងសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ៕
ប្រភព៖ AKP