ភ្នំពេញ៖ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងព័ត៌មាន រាប់ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ទីប្រឹក្សា ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង ព្រមទាំងអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ៣០% លើការផ្ដល់សេវាកម្មសុខភាពពីមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក(Biomedic)។ ការបញ្ចុះតម្លៃនេះមានសុពលភាព ក្រោយពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក (Biomedic) ដែលចុះហត្ថលេខាដោយឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកសាស្ត្រាចារ្យជំនួយ ប៊ុត សុខល់ នាយកមជ្ឍមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។
កិច្ចសហការរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក (Biomedic) ត្រូវបានធ្វើឡើងក្នុងគោលដៅ លើកកម្ពស់ការពិនិត្យសុខភាពជាប្រចាំរបស់មន្រ្តីគ្រប់ជាន់ថ្នាក់ និងអ្នកសារព័ត៌មាន ដើម្បីឱ្យពួកគាត់ដឹងច្បាស់ពីស្ថានភាពសុខភាពរបស់ខ្លួន និងធ្វើការព្យាបាលឱ្យទាន់ពេលវេលា។
កិច្ចសហការនេះ ដើរស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺការយកទឹកទុកដាក់លើការអភិវឌ្ឈមូលធនមនុស្ស និងចក្ខុវិស័យដឹកនាំក្រសួងព័ត៌មានក្នុងអាណត្តិទី៧ របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺការផ្តល់ការគាំពារមន្រ្តីក្រោមឱវាទ ឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពសមរម្យ ដើម្បីជំរុញផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការ ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា តម្លៃរបស់មនុស្សនីមួយៗមាន៣ចំណុចសំខាន់ គឺសុខភាព ចំណេះដឹង និងសីលធម៌។ ក្នុងនោះ សុខភាពប្រៀបបាននឹងសសរ ដែលជាមូលដ្ឋានគ្រឹះនៃការសាងសង់។ ចំណែក ចំណេះដឹងគឺជាដំបូល ហើយសីលធម៌គឺជាជញ្ជាំង។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា៖ «សុខភាពគួរតែជាចំណុចអាទិភាពសម្រាប់មនុស្សគ្រប់រូប ព្រោះថាយើងទាំងអស់គ្នាមានក្តីស្រមៃរៀងៗខ្លួន។ ប៉ុន្តែវាមិនអាចសម្រេចបាននោះទេ ប្រសិនបើយើងមិនមានសុខភាពល្អ។ ការដែលមិនមានសុខភាពល្អ គឺប៉ះពាល់ខ្លាំងដល់ផលិតភាពការងារ»។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា តាមរយៈការគាំពារផ្នែកសុខភាពនេះ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានស្របច្បាប់ នឹងចាប់ផ្តើមមានទម្លាប់នៃការពិនិត្យ និងតាមដានសុខភាពជាប្រចាំ ឱ្យបានជាប់លាប់ ដើម្បីកាត់បន្ថយការចំណាយលើជំងឺនានាដែលជាឃាតករលាក់មុខ។
សូមជម្រាបជូនថា មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អ្នកសារព័ត៌មានដែលមានចុះបញ្ជីនៅក្រសួង រួមទាំងសមាជិកក្រុមគ្រួសារ នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើថ្លៃសេវាកម្មនានាពីមជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក រួមមាន៖ ១. ការធ្វើតេស្តផ្នែកមន្ទីរពិសោធន៍ (ការពិនិត្យឈាម លាមក ទឹកនោម ។ល។) ២. ការវិភាគផ្នែករូបភាពវេជ្ជសាស្រ្តទូទៅ (CI ស្កេន ថត X-Ray ពិនិត្យអេកូសាស្រ្ត ។ល។) និង ៣. ការធ្វើ MRI ស្កេន។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក (Biomette) កំពុងបម្រើសេវាកម្មនៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត និងខេត្តតាកែវ៕
ប្រភព៖ AKP