សៀមរាប៖ នៅព្រឹកចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២នៅទូទាំងប្រទេសបានប្រឡងយកសញ្ញាបត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប សិស្សានុសិស្សបានក្រោកពីព្រឹកមកដល់តាមមណ្ឌលប្រឡងទាំង១៦មណ្ឌល ដើម្បីប្រឡងផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបបានបង្ហាញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២២-២០២៣នេះ មានចែកចេញជា ១៦មណ្ឌលប្រឡង មាន ៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ ៨១៩នាក់ ស្រី ៦ ២៥១នាក់ ។ ក្នុងនោះមានបេក្ខជនចំណេះទូទៅ ចំនួន ៩ ៤៦៣នាក់, បេក្ខជនស្វ័យរិនចំណេះទូទៅ ១២៣នាក់ ស្រី ៥៦៩នាក់, បេក្ខជនបំពេញវិជ្ជា ១៥៤នាក់ ស្រី៧៧នាក់,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៧៩នាក់ ស្រី ៨៦នាក់ ។ ក្នុងនោះដែរថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១២៩បន្ទប់ បេក្ខជនចំនួន ៣ ១៧១នាក់ ស្រី ១៩៨៧នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១មណ្ឌល មាន៣០៧បន្ទប់ មានបេក្ខជនចំនួន ៧ ៦៤៨នាក់ ស្រី៤ ២៦៤នាក់ ។ ម៉្យាងទៀតវិញ្ញាសាប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា, ភាសាខ្មែរ, គីមីវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា, ពលរដ្ឋវិទ្យា, ផែនដីវិទ្យា, រូបវិទ្យា, ជីវៈវិទ្យា, និង ភាសារបរទេស ។
ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ,អនុរក្ស, និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឱ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សាកលវិទ្យាល័យផងដែរ ។ ដូចនេះបេក្ខជនទាំងអស់ ត្រូវគោរពឱ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឱ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឫសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការមេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេរ និងដកហូតនូវឯកសារទាំងនោះ ដោយមានការប្រុងប្រយ័ត្នខ្ពស់ មិនឱ្យឯកសារទាំងនោះ ហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ៕
ប្រភព៖ AKP