សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅអាណត្ដិទី៧នេះ យើងនឹងបន្ដជំរុញ និងពង្រឹងបន្ថែមទៅលើយន្ដការដែលមានស្រាប់ ជាពិសេសបន្ដពង្រឹងការផ្ទេរអំណាចដល់ថ្នាក់ក្រោមជាតិ

0

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នៅអាណត្ដិទី៧នេះ យើងនឹងបន្ដជំរុញ និងពង្រឹងបន្ថែមទៅលើយន្ដការដែលមានស្រាប់ ជាពិសេសបន្ដពង្រឹងការផ្ទេរអំណាច និងប្រតិភូកម្មអំណាចទៅដល់ថ្នាក់ក្រោមជាតិ។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ នាឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រឹងមជ្ឈការ និងវិសហមជ្ឈការនេះ គឺទាមទារនូវការបង្កើនលទ្ធភាពនៅមូលដ្ឋានក្នុងការដោះស្រាយ ហើយមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានធ្វើជាច្រើនអាណត្ដិមកគឺត្រូវតែបន្ដ និងបន្ដសម្រួចធ្វើយ៉ាងណាកាន់តែមានប្រសិទ្ធភាព យើងបានធ្វើច្រើនហើយ បានផ្ទេរសិទ្ធិប្រតិភូកម្មអំណាចជាច្រើនទៅដល់ថ្នាក់ក្រោមជាតិ។ សម្ដេចធិបតីបានអះអាងថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ផងដែរនូវការបន្ដកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើយ៉ាងជោគជ័យជាច្រើនឆ្នាំមកនេះ ដែលការកែទម្រង់នេះ គឺនៅតែបន្ដមានសារៈសំខាន់ ហើយយើងគ្រប់គ្នាត្រូវតែបន្ដអនុវត្ដន៍។ រាជរដ្ឋាភិបាលអាណត្ដិទី៧នេះ គឺស្ថិតក្នុងដំណាក់ការនៃការពង្រឹង ជាជាងពង្រីក ហើយការពង្រឹងនេះ គឺពង្រឹងនូវសេវា និងលទ្ធផល ផ្ដោតទៅលើមូលដ្ឋានដែលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់៦ចំណុច បូកជាមួយនឹងវិធានគន្លឹះ៥ចំណុច បន្ថែមទៅលើយុទ្ធសាស្រ្ដ គោលនយោបាយផ្សេងៗដែលយើងមាននៅក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១នេះគឺផ្ដោតទៅលើការជំរុញ និងការពង្រឹងការផ្ដល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេសសេវារដ្ឋបាលនៅមូលដ្ឋាន»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការបន្ដកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះកិច្ចការទាំងអស់នេះ នៅពេលដែលប្រជាពលរដ្ឋកាន់តែកើន ខណៈបច្ចុប្បន្នយើងមានប្រជាជនប្រមាណ១៧លាននាក់ ហើយមិនយូរមិនឆាប់ នឹងកើនដល់២០នាក់នាក់។ «អីចឹងការពង្រាយសេវារបស់យើងត្រូវឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើននេះ ដោយមិនត្រឹមតែមានវត្ដមាននៅមូលដ្ឋានទេ តែត្រូវមានសិទ្ធិក្នុងការដោះស្រាយ ហើយើងទាំងអស់គ្នាដឹងច្បាស់ថា មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់អំពីបញ្ហានៅក្នុងមូលដ្ឋាន»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ចំពោះសមត្ថភាពមន្រ្ដីក៏ដូចជាការជួយស្ថាប័នគឺថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ទាំងអស់នេះ ពេលខ្លះត្រូវការជំរុញផ្នែកបច្ចេកទេសក្នុងដំណាក់កាលដំបូងពីថ្នាក់កណ្ដាលដើម្បីជួយ ដែលកិច្ចការងារនេះ គឺក្រសួង ស្ថាប័នជាច្រើនបានធ្វើកិច្ចការនេះហើយ គឺយើងត្រូវបន្ដទៅទៀត។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ដថា ជាការពិតណាស់ ផ្ដល់សិទ្ធិ ទទួលបានសិទ្ធិបន្ថែម ទទួលបានលទ្ធភាពបន្ថែម ទទួលបានការជួយបន្ថែម ប៉ុន្ដែវាមកនូវលក្ខខណ្ឌ និងការទទួលខុសត្រូវ ដែលត្រូវទទួលខុសត្រូវបន្ថែម។ សម្ដេចធិបតីក៏បានណែនាំដល់រាជធានី ខេត្ដ ពង្រឹងបទដ្ឋាន រចនាសម្ព័ន្ធ ប្រព័ន្ធការងារផ្ទៃក្នុងរបស់ខេត្ដ រៀបចំកែសម្រួលនូវយន្ដការនានា គោលការស្ដង់ដារ បែបបទ និងនីតិវិធីផ្ដល់សេវាឱ្យមានលក្ខណៈទំនើប រហ័ស ប្រកបដោយតម្លាភាព និងសមធម៌ ព្រមទាំងពង្រឹងនូវភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា៖ «អីចឹងគឺសមត្ថភាពរបស់ខេត្ដ រាជធានី ថ្នាក់ក្រោមជាតិ ស្រុក ក្រុង ខណ្ឌ ត្រូវបង្កើនការយកចិត្ដទុកដាក់ក្នុងការពង្រឹងតួនាទីរបស់ខ្លួន និងសមត្ថភាព និងការទទួលខុសត្រូវរបស់ខ្លួនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ពង្រឹងខ្លួន បានសិទ្ធិ បានកាតព្វកិច្ច បានលទ្ធភាពដើម្បីបម្រើ ស្របពេលដែលតម្រូវការនៅក្នុងមូលដ្ឋានកាន់តែច្រើន អីចឹងទាមទារឱ្យយើងពង្រឹងខ្លួនយើង»៕

ប្រភព៖ AKP