ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថាសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរវិញ្ញាសា ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅ មណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។
ក្រសួងអប់រំបានលើកឡើងថា វិញ្ញាសទី១ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរពីម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០ គឺមុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជាផែនដី និងបរិ ស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ជាមួយគ្នានោះដែរក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកជាប់ ខ្លួននូវឧបករ ណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញ ថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យ ធ្លាក់ដោយ ស្វ័យប្រវត្តិ។
ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាគណៈមេប្រយោគទូទាំងប្រទេសប្រចាំការកំពុងទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយ ព័ត៌មាននានាអំពីដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទាន់ពេលវេលាតាម រយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសល ទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕
ប្រភព៖ AKP