ព្រះសីហនុ៖ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ជឹម ចំរើន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចុះពិនិត្យ និងការណែនាំ ស្តីពីការចិញ្ចឹមត្រីឆ្ពង់ វារីវប្បករ និងចិញ្ចឹមក្តាមថ្ម របស់ប្រជាជលរដ្ឋនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះ មន្រ្តីរដ្ឋបាលជលផល បានចុះទៅពិនិត្យសកម្មភាពការចិញ្ចឹមត្រីឆ្ពង់ របស់លោក ស៊ន ផល្លី មានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ចិញ្ចឹមត្រីឆ្ពង់ក្នុងបែវារីវប្បករ មានបែសរុបចំនួន ២៧បែ ដាក់ចិញ្ចឹមត្រីឆ្ពង់សរុបចំនួន ២១ ០០០ក្បាល ហើយបច្ចុប្បន្នត្រីឆ្ពង់ក្នុង ១ក្បាល វាមានទម្ងន់ចាប់ពី ៣ទៅ ៥ខាំ ។
បន្ទាប់មកមន្រ្តីរដ្ឋបាលជលផល ក៏បានចុះទៅពិនិត្យការចញ្ចឹមក្តាមថ្ម ជាលក្ខណៈសាកល្បង ១កន្លែង របស់លោក ចាប គួយ មានទីតាំងចិញ្ចឹមទំហំទទឹង ១៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលមានកូនក្តាមថ្មចំនួន ៤ ០០០ក្បាល បានមកពីការប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងចិញ្ចឹម ពួកគាត់ដើររកក្នុងព្រៃកោងកាង ហើយកូនក្តាមថ្មកំពុងតែចិញ្ចឹមក្នុងចំណោម ១០ក្បាល ស្មើនឹង ១គីឡូក្រាម ។
ក្នុងឱកាសនោះមន្ត្រីជលផល បានធ្វើការណែនាំពីលក្ខណៈបច្ចេកទេស នៃការចិញ្ចឹមថែទាំ ដើម្បីឱ្យត្រីឆ្ពង់ និងក្តាមថ្មឆាប់ធំធាត់ និងចៀសផុតពីជំងឺ ។ កន្លងមកមន្ត្រីជលផល តែងតែបានចុះជួយផ្តល់លក្ខណៈបច្ចេកទេស នៃការចិញ្ចឹមដល់ប្រជាកសិករ ទៅតាមទីតាំងចិញ្ចឹមត្រីឆ្ពង់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានដូចជា ការចិញ្ចឹមរបស់ប្រជាកសិករនៅតាមដងព្រែកកំពង់ស្មាច់ ស្រុកព្រៃនប់ជាដើម ។ ព្រោះការចិញ្ចឹមត្រីនេះ ដើម្បីចូលរួមការផ្តត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលត្រីឆ្ពង់ពីប្រទេសជិតខាង ។ ម្យ៉ាងទៀតជាការបង្កើនជីវភាពគ្រួសារ និងសហគមកាន់ តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ។
សូមរម្លឹកថា ចំពោះត្រីឆ្ពង់ ប្រជាពលរដ្ឋអាចចាប់លក់នៅលើទីផ្សារនៅពេលត្រីមួយក្បាល វាមានទម្ងន់ចាប់ពី ៨ខាំឡើង ដែលជាតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន យកទៅធ្វើម្ហូបក្នុងពិធីជប់លៀង ឬ ពិធីមង្គលការជាដើម ៕
ប្រភព៖ AKP