ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាលលើកនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ដែលត្រូវស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយបុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងការសហការផ្សព្វផ្សាយប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយ ការលំបាករបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានការអញ្ជើញចូលរួមពីម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ និងឯកជន នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាលគឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា កិច្ចការងារនេះ ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានបានលើកឡើង ដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ក្នុងជំនួបរវាងអ្នកសារព័ត៌មានជា មួយនាយករដ្ឋមន្រ្ដី ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ចាប់ពីពេលនេះ រហូតដល់ពេលជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គឺក្រសួង ព័ត៌មាននឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលស្របច្បាប់ និងអ្នកមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវគឺអាចចុះឈ្មោះចូលរួមក្នុង កម្មវិធីជំនួបនេះបាន។ ប៉ុន្ដែសម្រាប់អ្នកសារព័ត៌មានដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវមកចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់នៅ ក្រសួងព័ត៌មាន។
សូមរម្លឹកផងដែរថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ បើគិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដីនេះគឺបានធ្វើ ឡើងចំនួន៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលមេរោគកូវីដ ១៩៕
ប្រភព៖ AKP