សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គ្រាម គ្រាប់មីន ប្រជាពលរដ្ឋលែងព្រួយបារម្ភ តែមាន ការព្រួយបារម្ភរឿងគ្រឿងញៀន បងធំ បងតូច និងល្បែងស៊ីសងផ្សេងៗ

0

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា ពិតមែនហានិភ័យនៃសង្គ្រាម ហានិភ័យនៃគ្រាប់មីនយើងលែងព្រួយបារម្ភទៀតហើយ ប៉ុន្តែហានិភ័យដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឺសុខសុវត្ថិភាពសង្គមសំខាន់ក្នុងនោះ រួមមានគ្រឿងញៀន  បញ្ហាបង ធំបងតូច  បញ្ហាល្បែងស៊ីសងផ្សេងៗដែលជាកង្វល់។  ការថ្លែងបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផល នានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ ទី៣០ ខែតុលាឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាខាងលើនេះជាវិធានគន្លឹះសំខាន់ដែលត្រូវដោះស្រាយនិងលុបបំបាត់ឱ្យអស់ ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណមានគ្របដណ្តប់លើយុទ្ធសាស្ត្រចតុកោណ ក្នុងនោះ គោលនយោបាយធំដែលមានស្រាប់គឺត្រូវតែបន្តធ្វើទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ទៀតថា៖ «វិធានគន្លឹះចង់សំដៅថាយើងត្រូវគិតឱ្យបានធំគ្រប់ជ្រុងជ្រោយ តែធ្វើតូច បានន័យថាផ្តោតទៅលើកម្មវិធីសកម្មភាពណាដែលសំខាន់ ជាគ្រឹះនៃសកម្មភាព នៃនយោបាយធំនោះពីមួយអាណត្តិទៅមួយអាណត្តិដើម្បីសម្រូចឱ្យចំតែម្តង»។  សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងវិស័យអាទិភាពរាជរដ្ឋាភិបាលត្រូវតែធ្វើផ្តោតសំខាន់ឱ្យខ្លាំង ពង្រឹងឱ្យរឹងមាំ និងដាក់ថវិកាពង្រឹងឱ្យរឹងមាំនោះផ្សេងទៀតនឹងរឹងមាំ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «រដ្ឋបាលរាជធានី ខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើករណីនេះកើតមាន»។ សម្តេចធិបតីបានឱ្យដឹងទៀតថា ការបញ្ជាក់សាជាថ្មី រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាជួយដល់រដ្ឋបាលរាជធានី ខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បីមានលទ្ធភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ៕

ប្រភព៖ AKP