សម្តេចធិបតី ស្នើក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យទទួលបានផលពីវិស័យទេសចរណ៍នៅក្នុងសហគមន៍

0

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ ជួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលពីវិស័យទេសចរណ៍នៅក្នុងសហគមន៍ ព្រោះខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ធម្មជាតិច្រើន ដែលអាចជួយជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋតាមភូមិឃុំបានមួយកម្រិតទៀត។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត ភ្ជាប់កន្លែងដែលមានលក្ខណៈធម្មជាតិដែលមានសកម្មភាពទេសចរណ៍បាន ធ្វើយ៉ាងណាឱ្យមានអាទិភាពសម្រាប់សហគមន៍មូលដ្ឋានដើម្បីបានផល ជាជាងយកអ្នកវិនិយោគខាងក្រៅទៅវិនិយោគ។

សម្ដេចធិបតីបានថ្លែងថា«យើងជួយគាត់ យើងជួយផ្សព្វផ្សាយពាណិជ្ជកម្មឱ្យគាត់ ដើម្បីឱ្យទេសចរទៅច្រើន តែធ្វើយ៉ាងជួយសហគមន៍មូលដ្ឋានដើម្បីបានផល នេះជាអ្វីនៃការយកចិត្តទុកដាក់ដែលយើងធ្វើ»។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានមានរមណីយដ្ឋានសរុបចំនួន ២៦ទីតាំង ក្នុងនោះ ទេសចរណ៍ប្រវត្តិសាស្ត្រ ១កន្លែង ទេសចរណ៍ធម្មជាតិ១កន្លែង វប្បធម៌២កន្លែង រមណីយដ្ឋានកែច្នៃ៣កន្លែង កីឡាទេសចរណ៍១កន្លែង សហគមន៍ទេសចរណ៍ ៩កន្លែង រមណីយដ្ឋានកសិ-ទេសចរណ៍៣កន្លែង ប្រាសាទបុរាណ ១កន្លែង និង តំបន់គោលដៅទេសចរណ៍ថ្មីកំពុងអភិវឌ្ឍន៍ ៥កន្លែងចំណែកឯ សណ្ឋាគារចំនួន ០៦កន្លែង ស្មើនឹង ២០០បន្ទប់ ផ្ទះសំណាក់មានចំនួន ៥៨កន្លែង ស្មើនឹង ៦៥៥បន្ទប់ ភោជនីយដ្ឋាន-អាហារដ្ឋានចំនួន ៣៧កន្លែង ឌីស្កូតែក(ក្លឹប)ចំនួន ២កន្លែង ខារ៉ាអូខេចំនួន ២១កន្លែង ស្មើនឹង ១៣៧បន្ទប់។

ភ្ញៀវទេសចរចូលទស្សនាតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត ត្រឹម៩ខែឆ្នាំ២០២៣ មានចំនួន ៤៥៦.៤៩០នាក់ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួន ២៤៥.៣៥៩នាក់ កើនឡើង១% ។ ភ្ញៀវទេសចរជាតិចំនួន ៤៤៩.៦៩៩នាក់ កើនឡើង ១%ភ្ញៀវទេសចរអន្តរជាតិចំនួន ៦.០១៤នាក់ ថយចុះ ១៣%៕

ប្រភព៖ AKP