ភ្នំពេញ៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានឱ្យដឹងថា ការបង្កើនលទ្ធភាពក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ពីសំណាក់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរនេះ គឺដើរស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដើម្បីបង្កើនការដាំដុះ និងនាំចេញផលិត ផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន ដែលក្រសួងពាណិជ្ជកម្មក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ការលើកឡើងបែបនេះ នាឱកាសលោកអភិបាលរងខេត្តកំពង់ធំ អមដំណើរលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទ២៥ ខែតុលា ឆ្នាំ២០២៣ ។

លោក ងួន រាសី បញ្ជាក់ថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ នៃគោលនយោបាយជាតិ ស្តីពីស្វាយ ចន្ទីនេះ បានដល់ដំណាក់កាលចុងក្រោយហើយ ដែលយើងត្រូវបញ្ជូលធាតុចូលសំខាន់មួយចំនួន ពីក្រសួង-ស្ថាប័ន និងគ្រប់ពីតួអង្គពាក់ព័ន្ធ ជាពិសេសពីសំណាក់អ្នកដាំដុះ, អ្នកកែច្នៃ, អ្នកនាំចេញ ដើម្បីឱ្យគោលនយោបាយនេះដើរដោយរលូត មានប្រសិទ្ធភាព ប្រកបដោយនិរន្តរភាព ។

លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានទីតាំងក្នុងភូមិអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា សិប្បកម្មផ្តើមដំណើរការតាំងពីឆ្នាំ២០២០ ដោយផ្តើមចេញពីការប្រកបអាជីវកម្ម ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេល នេះ បានចុះបញ្ជីដំណើរការនាំចេញរយៈពេលជិត ០៤ឆ្នាំហើយ ។

លោកស្រីបន្តថា ខ្សែចង្វាក់ក្នុងការផលិតរបស់សិប្បកម្ម មានសមត្ថភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីបានចំនួន ២តោនក្នុងមួយថ្ងៃ នៃផលិតផលវត្ថុធាតុដើមមិនទាន់កែច្នៃ។ ផលិតផលសម្រេចរបស់សិប្បកម្មបាននាំចេញទៅលក់នៅទីផ្សារទំនើបជាច្រើននៅទូទាំងប្រទេសកម្ពុជា និងបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា, ចិន, និងអូស្រ្តាលី ផងដែរ ៕

ប្រភព៖ AKP