បន្ទាយមានជ័យ៖ អភិបាលស្រុកថ្មពួកលោក អែម សុខា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយកុំចូលក្នុងតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវតែសាកសួរអាជ្ញាធរមូលដ្ឋាន មុននឹងចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល ។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោកភិបាលស្រុកថ្មពួក បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីមានករណីផ្ទុះគ្រាប់មីន ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ចន ជុង អាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក រងរបួសដាច់ជើងខាងឆ្វេង នៅពេលដែលជនរងគ្រោះដើរចូលព្រៃ ដើម្បីគាស់គល់ឈើនោះ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ឃុំគោករមៀត បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍អូរសាយ(៨០៧) កម្លាំងយោធានៅតំបន់ច្រកតាខ្លឹង និងបងប្អូនសាច់ញាតិជនរងគ្រោះខាងលើ បានចុះទៅដល់កន្លែងកើតហេតុ ហើយបងប្អូនជនរងគ្រោះដឹកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ៕
ប្រភព៖ AKP