ភ្នំពេញ៖ លោកជំទាវគង់ សិទ្ធិកា អនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មបញ្ជាក់ថា កម្ពុជាមានគោលបំណងប្រែក្លាយឱ្យទៅជាប្រទេសផលិត ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិត ផលស្វាយចន្ទី សម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ជំទាវមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ” គោលនយោបាយជាតិស្ដី ពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ” នាថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៦៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ។
លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានឱ្យដឹងថា ការអភិវឌ្ឍខេត្តទាំងមូលយើងបាននិងកំពុងជំរុញវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម, វិនិយោគ, ឧស្សាហកម្ម, ទេសចរណ៍, សិប្បកម្ម, ហិរញវត្ថុ, ធនាគារ, សេវាដឹកជញ្ជូន, សុខាភិបាល, សំណង់និងហេដ្ឋារចនាសម្ព័ន្ធអចលនទ្រព្យ និងវិស័យផ្សេងៗមួយចំនួនទៀត មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ ។ ចំពោះវិស័យកសិកម្ម គឺមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលធានាការផ្គត់ផ្គង់ស្បៀងបានគ្រប់គ្រាន់។ នៅក្នុងឆ្នាំ២០២៣នេះ ដំណាំស្រូវអនុវត្តន៍បានលើផ្ទៃដីចំនួន ១៨៤ ៤៨៣ហិកតា ស្មើនឹង ៨៦,៩៦ភាគរយ នៃផែនការ ២១៣ ៣០០ហិកតា, ដំណាំដំឡូងមីអនុវត្តន៍បានលើកផ្ទៃដីចំនួន ៦២ ៤១១ហិកតា, ដំណាំស្វាយចន្ទីអនុវត្តន៍បានលើផ្ទៃដីចំនួន ១១៧ ៩៩០ហិកតា, ដំណាំស្វាយកែវរមៀត អនុវត្តបានលើផ្ទៃដីចំនួន ៨ ៤៥៧ ហិតា, ដំណាំតាង៉ែនចំនួន ៧៥ហិកតា និងដំណាំកៅស៊ូដាំដុះបានចំនួន ៧៩ ៨១៨,៨២ហិកតា ។
លោកអភិបាលរងខេត្តបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីស្វាយ ចន្ទី ឆ្នាំ២០២២-២០២៧នៅថ្ងៃនេះ ពិតជាសំខាន់ដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់ផលិតផល និងតម្លៃស្វាយចន្ទី ដើម្បីឈ្វេងយល់ និងទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនេះ ។ ខ្ញុំសង្ឃឹមថា សមាជិក សមាជិកាទាំងអស់នឹងចូលរួមស្ដាប់ ហើយនិងផ្តល់ជាមតិយោបល់យ៉ាងផុសផុល ។
លោកជំទាវ គង់ សិទ្ធិកា មានប្រសាសន៍ថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុង ផ្តោតការយកចិត្តទុកដាក់ លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់ ហើយរាជរដ្ឋាភិបាលមានឆន្ទៈជំរុញអភិវឌ្ឍន៍ និងចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក ។ កម្ពុជាមានគោលបំណងប្រែក្លាយ ឱ្យទៅជាប្រទេសជាអ្នកផលិត ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលស្វាយចន្ទី សម្រាប់ បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ។
លោកជំទាវអនុរដ្ឋលេខាធិកាបានបន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៣នេះ គ្រាប់ស្វាយចន្ទីឆៅមានចំនួន ៣៨៩ ១៧៤តោន បាននាំចេញទៅប្រទេសមួយចំនួនដូចជា៖ ប្រទេសចិន, ជប៉ុន, បង់ក្លាដែស, ឥណ្ឌា, វៀតណាម, និងប្រទេសថៃ ។ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៧៥៦តោន បាននាំចេញទៅប្រទេសដូចជា៖ ប្រទេសចិន, សាធារណៈរដ្ឋឆែក, ប្រទេសជប៉ុន, ប្រទេសកូរ៉េ, ប្រទេសហូឡង់, ប្រទេសវៀតណាម, ប្រទេសថៃ, តៃវ៉ាន់, និងសហរដ្ឋអាមេរិក ។ ចំណែកផលិតផលគ្រាប់ស្វាយចន្ទី ស្ងួតជាមធ្យមមានតម្លៃ ១ ៦៥៨ដុល្លារអាម៉េរិក ក្នុង១តោន ហើយក្នុងខែកញ្ញា តម្លៃកើនដល់ ១ ៩០០ដុល្លារអាម៉េរិក ក្នុង១តោន ។ កត្តាទាំងអស់ខាងលើនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយកម្ពុជា ជាអ្នកនាំចេញស្វាយចន្ទីដ៏ធំមួយរបស់ពិភពលោក នៅពេលអនាគតខាងមុខនេះ ផងដែរ ៕
ប្រភព៖ AKP