ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងជំនួពិភាក្សាការងារជាមួយប្រតិភូ EU-ASEAN Business Council និង EuroCham កម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ថា នៅក្នុងវិស័យកសិកម្ម កម្ពុជាផ្តោតសំខាន់លើគុណភាព រសជាតិ សុវត្ថិភាព តាមរយៈការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាជាងការបង្កើនបរិមាណ ដូចជា ម្រេចកំពត អង្ករផ្ការំដួល និងសែនក្រអូបជាដើម។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា និងបានគូសបញ្ជាក់អំពីគោលនយោបាយស្នូលរបស់កម្ពុជា ដែលផ្ដោតលើការអភិវឌ្ឍ ព្រមទាំងនិរន្តរភាពសន្តិសុខ និងសុវត្ថិភាពស្បៀង។


ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀថា កម្ពុជាមានសក្តានុពលនៅកម្រិត Up Stream និងមានសន្តិសុខស្បៀង ព្រមទាំងមានអតិរេកស្រូវប្រមាណ ៦,៥លានតោនក្នុងមួយឆ្នាំ ដែលជាឱកាសសម្រាប់អ្នកវិនិយោគ លើការកែច្នៃ Down Stream ប្រកបដោយគុណភាព និងមានតម្លៃបន្ថែមខ្ពស់សម្រាប់នាំចេញ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសហគមន៍កសិកម្មតាមគម្រូថ្មី ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកម្រិតទ្រង់ទ្រាយធំ ធានាគុណភាពតាមស្តង់ដារគោលនយោបាយសម្រាប់នាំចេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនឹងផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីដៃគូ សហការជាមួយអគ្គនាយកដ្ឋានជំនាញ សិក្សា និងស្វែងយល់បន្ថែមក្នុងការវិនិយោគនាំចេញកសិផលកម្ពុជា ទៅសហគមន៍អឺរ៉ុប ពិសេសអង្ករ និងស្វាយចន្ទី ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត៕
ប្រភព៖ AKP