សៀមរាប៖ ក្លិបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប បានសហការជាមួយក្លិបបង្រៀនហែលទឹក Swimmy inc. of Japan រៀបចំកម្មវិធីសប្បុរសធម៌ផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះពេលមានបញ្ហាលង់ទឹក ដល់សិស្សានុសិស្សសាលាអនុវិទ្យាល័យវត្តចក និងសាលាបឋមសិក្សាវត្តបូព៌ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។
លោក Yu Sugahara (CEO & Founderនៃក្លិបបង្រៀនហែលទឹក Swimmy inc. of Japan) បានលើកឡើងថា តាមការមើលឃើញរបស់លោក កុមារកម្ពុជាជាច្រើនបានស្លាប់ដោយសារលង់ទឹក។ នេះជាហេតុផលដែលលោកចង់ជួយបង្រៀនកុមារ ជាពិសេសសិស្សានុសិស្សឱ្យពួកគេចេះហែលទឹកឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាស្លាប់របស់កុមារដោយសារការលង់ទឹកនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោក Ek Samedy អ្នកគ្រប់គ្រងគ្រូបង្រៀនហែលទឹកនៃក្លិបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប បានថ្លែងថា គោលបំណងសំខាន់នៃកម្មវិធីពេលនេះ គឺចង់ឱ្យសិស្សានុសិស្សចេះហែលទឹក ចេះជួយសង្គ្រោះអ្នកលង់ទឹក និងចេះធ្វើការជួយសង្គ្រោះបឋមតាមលក្ខណៈវិជ្ជាជីវៈ ដែលមានមេរៀនល្អៗជាច្រើន ដោយមិនមែនធ្វើតាមប្រពៃណី។
លោកបន្តទៀតថា ដោយអត្រាកុមារចេះហែលទឹកនៅកម្ពុជានៅមានកម្រិត និងមានការប្រឈមនឹងការលង់ទឹកច្រើន ជាពិសេសនៅតាមសហគមន៍ ពេលមានទឹកជំនន់នេះ ក្លិបនឹងបន្តសហការជាមួយបណ្តាសាលានានាដើម្បីផ្តល់ចំណេះដឹងនេះជូនពួកគាត់ និងបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន ក្លិបបានបង្រៀនសិស្សឱ្យចេះហែលទឹកជាង៤ពាន់នាក់ និងបានធ្វើសកម្មភាពមនុស្សធម៌ចុះបង្រៀនដល់សិស្សានុសិស្សតាមសាលារៀននានាដោយឥតគិតថ្លៃបានជាង១ពាន់នាក់។
ទន្ទឹមនឹងនេះ អ្នកស្រី លាក់ ម៉ាល័យ តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានថ្លែងថា ការបង្រៀនកុមារឱ្យចេះហែលទឹកពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបច្ចុប្បន្ន នេះ កុមារជាច្រើនបានស្លាប់ដោយលង់ទឹក ដោយសារតែពួកគាត់មិនចេះហែលទឹក និងមិនចេះពីរបៀបនៃការជួយសង្គ្រោះពេលមានមិត្តភក្តិលង់ទឹក។
លោកគ្រូ អន គុណរត្ន័ នាយកសាលាបឋមសិក្សាវត្តបូព៌ បានចាត់ទុកមេរៀនហែលទឹកនេះ ជាចំណេះដឹងដ៏សំខាន់មួយក្នុងជិវិតរបស់សិស្សានុសិស្ស នៅពេលគាត់ ឬមិត្តភក្តិជួបបញ្ហា គាត់អាចជួយបានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះក្លិបង្រៀនហែលទឹក អេស អេស ស៊ី ដែលបានផ្តល់ចំណេះដឹងនេះដល់សិស្សានុសិស្ស៕
ប្រភព៖ AKP