មេបញ្ជាការវរសេនាតូច​ថ្មើរជើងលេខ៥១៣ ដឹកនាំនាយ និងពលទាហាន ធ្វើលំហាត់យុទ្ធដំណើរទ័ព

0

ភ្នំពេញ៖ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ចំណុះកងពលតូចថ្មើរជើងលេខ៥១ លោកវរសេនីយ៍ត្រី គង់សារ៉ុម បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាពធ្វើលំហាត់យុទ្ធដំណើរទ័ព ដោយថ្មើរជើងចម្ងាយ៨គីឡូ ម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គធម្មជាតិមួយចំនួន នៅក្នុងភូមិសាស្ត្រនៃឃុំបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដើម្បីពង្រឹងកម្លាំងត្រៀមប្រយុទ្ធរបស់កងទ័ព ឱ្យកាន់តែមានភាពប្រសើរថែមទៀតនោះ ។

​ ក្នុងឱកាសនោះ លោកមេបញ្ជាការ គង់ សារ៉ុម បានបញ្ជាក់ថា បើទោះបីស្ថិតនៅក្នុងកាលៈទេសៈប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយក៏ដោយ ក្នុងនាមយើងជាកងទ័ព គឺជាឱកាសដ៏ល្អបំផុតសម្រាប់ធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពជំនាញយុទ្ធវិធីកងទ័ព ឱ្យបានស្ទាត់ជំនាញថែមទៀត ដើម្បីធានាបានទាំងបរិមាណ គុណភាព ឆន្ទៈ មនសិការស្នេហាជាតិ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។

​សូមបញ្ជាក់ថា ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង ទាំងកម្លាំង, សម្ភារ, មធ្យោបាយ, សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ឱ្យបានទាន់ពេលវេលាផងដែរ ៕

ប្រភព៖ AKP