បុណ្យសមុទ្រនៅខេត្តកែបនាដើមខែធ្នូចុងឆ្នាំនេះនឹងកាន់តែមានភាពទាញនិង សប្បាយរីករាយ

0

កែប៖ នៅសាលប្រជុំថ្មីនៃសាលា ខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះបានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការអន្តរក្រសួង រៀបចំកម្មវិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងជាប្រធាន រួមជាមួយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កិច្ចប្រជុំនោះក៏មានវត្តមាន ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូមកពីបណ្តាអន្តរក្រសួងចូលរួម តំណាងក្រុមយុវជន ដៃគូក្រុមហ៊ុនឯកជន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកែប អភិបាល រង ខេត្ត កំពត តំណាងកងកម្លាំងប្រដាបអាវុធទាំង៣ រួមជាមួយប្រធានមន្ទីរអង្គភាពជុំវិញខេត្តកែប ដើម្បីជជែក និងបញ្ចូលធាតុចូលបន្ថែម ធ្វើយ៉ាងណា ឱ្យដំណើរការនៃការប្រព្រឹត្តទៅ ពិធីបុណ្យសមុទ្រលើកនេះប្រកបដោយភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឆ្លងកាត់ការផ្លាស់ប្ដូរយោបល់ពីភាគីចម្រុះក្នុងអង្គពិធី ឯកឧត្តម បានរំពឹងខ្ពស់ថា ពិធីបុណ្យសមុទ្រឆ្នេះ នឹងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំពីសំណាក់អ្នកចូលរួម ហើយឆ្លងកាត់នូវពិធីបុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានភាពមមាញឹកបន្ថែមទៀត តាមរយៈការបញ្ជ្រាបបន្ថែមទៅកាន់អ្នកទេសចរអំពីសក្តានុពលដែលខេត្តកែបមាន ក្នុងពិធីបុណ្យសមុទ្រនោះ។ ហើយនេះក៏ជាអ្វីដែលស្ថិតនៅក្នុងគោលបំណងនៃការបង្កើតឱ្យមានឡើងនូវពិធីបុណ្យសមុទ្រនៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤របស់យើង ដែលតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តនីមួយៗ៕

ប្រភព៖ ក្រសួងព័ត៌មាន